នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារបន្ទាន់មួយ ជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ (ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេស ហុងគ្រី) នៅក្នុងនោះសម្តេចតេជោ ថ្លែងអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានភាពភ័យខ្លាច និងស្លន់ស្លោរចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩ ព្រមទាំងប្រកាសអំពាវនាវចំពោះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើចត្តាឡីស័កដោយប្រុងប្រយ័ត្នជាទីបំផុត ជៀសវាងការរីករាលដាលធំឡើងដោយប្រការណាមួយ។
សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមម៉ោង ៥ល្ងាច នៃថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញពីការរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៣នាក់ គឺឯកឧត្តម សួស យ៉ារ៉ា ជាសមាជិករដ្ឋសភា លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបរុសជនជាតិហុងគ្រី ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម។