លោកប្រធានាធិបតី Donald Trump បានបណ្តេញរដ្ឋមន្រ្តីការពារជាតិលោក Mark Esper ចេញពីតំណែងដោយប្រកាសនៅលើបណ្តាញសង្គម Twitter ថា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះត្រូវបាន “បញ្ឈប់ការងារ”។
លោក Christopher Miller ប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងចូលកាន់តួនាទីនេះភ្លាមៗ។
ការបណ្តេញនេះបានកើតឡើងបន្ទាប់ពីមានការបែកធ្លាយជម្លោះជាសាធារណៈរវាងលោក Trump និងលោក Esper នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
រហូតមកដល់ពេលនេះ លោកTrump មិនទាន់ទទួលស្គាល់លទ្ធផលឆ្នោតរបស់សហរដ្ឋអាមេរិកទេហើយលោកបានប្តេជ្ញាថានឹងប្រឆាំងនឹងលទ្ធផលនៅក្នុងតុលាការ។
ប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោតលោកJoe Biden ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា លោកTrump នៅតែមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តនានា។
លោកMiller ត្រូវបានគេមើលឃើញចូលក្នុងទីស្នាក់ការក្រសួងការពារជាតិនៅឯមន្ទីរបញ្ចកោណភ្លាមៗកាលពីថ្ងៃចន្ទបន្ទាប់ពីលោកTrump ប្រកាសបញ្ឈប់លោកEsper។
លោកEsper បានប៉ះទង្គិចជាមួយប្រធានាធិបតីជុំវិញអាកប្បកិរិយារបស់សេតវិមានចំពោះយោធាអំឡុងពេលតវ៉ាអំពីភាពអយុត្តិធម៌ពូជសាសន៍កាលពីដើមឆ្នាំនេះ។
បន្ទាប់ពីការប៉ះទង្គិចគ្នា គេបានសន្និដ្ឋានថា ប្រធានាធិបតីនឹងបណ្តេញរដ្ឋមន្ត្រីការពារជាតិបើទោះបីជាកាលពីថ្ងៃចន្ទ លោកTrump មិនបានផ្តល់ហេតុផលណាមួយសម្រាប់ការបណ្តេញចេញនេះក៏ដោយ។
លោកEsper ក៏បានជំទាស់នឹងលោកTrump ជុំវិញសកម្មភាពរបស់ប្រធានាធិបតីជាមួយអង្គការណាតូផងដែរ៕
ប្រភព៖ BBC