ហេតុអ្វីពេលវេលាមានតម្លៃជាងមាសប្រាក់ របៀបប្រើពេលវេលាឱ្យដូចមហាសេដ្ឋី ការប្រើពេលវេលាក្នុងបច្ចុប្បន្នឱ្យល្អជាអតីតកាល នេះមាតិកាខ្លះៗ ក្នុងសៀវភៅពេលវេលា ជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី។ សៀវភៅអប់រំជីវិត មានចំណងជើងថា «ពេលវេលា» ដែលជាវណ្ណកម្មដ៏ល្បីរបស់ក្រុមបោះពុម្ពផ្សាយ តម្រា បានបោះពុម្ពដាក់លើទីផ្សារជាលើកទីពីរក្រោយពេលដែលទទួលបានជោគជ័យព្រោះការពេញនិយម។

កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងតម្រា បានឱ្យដឹងថា លើកនេះទំហំបោះពុម្ពសៀវភៅ«ពេលវេលា»គឺរក្សាដដែលចំនួន៣០០០ក្បាល និងមានតម្លៃលក់ចេញ២៥០០០រៀល។
កញ្ញាបានឱ្យដឹងទៀតថា មកទល់ពេលនេះ មានបណ្ណាគារជាច្រើនបានមកទទួលយកទៅលក់រាយបន្តជាហូរហែរ ហើយកញ្ញាអះអាងថា ការបោះពុម្ពលើកទីបីនៅតែស្ថិតក្នុងការគ្រោងទុករបស់តម្រា ព្រោះថានេះជាសៀវភៅដ៏មានអត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យ។

គួរដឹងដែរថា អ្នកនិពន្ធ ម៉ីសន សុធារី បានបោះពុម្ភផ្សាយនូវចំណងជើងជាច្រើន ទាំងវណ្ណកម្មអប់រំលើកទឹកចិត្ត និងប្រលោមលោក រួមមាន សៀវៅភៅ ទម្រាំក្លាយជាអ្នកនិពន្ធ ពេលវេលា ការឈឺចាប់ ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់ ស្ទូឌីយោលេខ៧ អាគមបរព្រៃ សង្វៀនផ្លូវងងឹត ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ ស្នាមសាក់រូបខ្លា។






