លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញសម្តេចទាំងអស់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះគឺ «អវិជ្ជមាន» ដដែល។ នេះតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅមុននេះ។
សម្តេចតេជោបានបញ្ជាក់ដូច្នេះថា៖ «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់»។
សម្តេចតេជោ បញ្ជាក់បន្ថែមថា៖ «ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា នឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំ និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង១០០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញ សម្រាប់ការសិក្សារបស់កូនចៅយើង»។