លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំនេះផ្តោតលើសារៈសំខាន់នៃយន្តការអាស៊ានបូក៣ ដែលជាវេទិកាដ៏សំខាន់សម្រាប់ការកសាងសហគមន៍អាស៊ីបូព៌ា។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូកបី ជាពិសេសការជួយគ្នាទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ។
កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលមានជាអាទិ៍ បញ្ហាបរិស្ថាន, សុខាភិបាល, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថល, លើកកម្ពស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម, សន្តិសុខស្បៀង, ការអប់រំប្រកបដោយគុណភាព, វប្បធម៌ និងសិល្បៈ, ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទងនឹងការតភ្ជាប់ ថ្នាក់ដឹកនាំ អាស៊ានបានលើកទឹកចិត្តដល់បណ្តាប្រទេសសមាជិកអាស៊ានបូកបីឱ្យគាំទ្រដល់គម្រោងនានាដែលស្ថិតនៅក្រោមផែនការមេស្ដីពីការតភ្ជាប់ (MPAC) ឆ្នាំ២០២៥ និងគូសបញ្ជាក់អំពីតម្រូវការក្នុងការស្វែងរកការសំយោគរវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយនឹងគំនិតផ្តួចផ្តើមដទៃទៀត ដើម្បីគាំទ្រដល់របៀបវារៈនៃការតភ្ជាប់គ្រប់ជ្រុងជ្រោយក្នុងតំបន់។ ថ្នាក់ដឹកនាំបានឯកភាព ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់។