ទន្ទឹមពិភពលោក នៅតែបន្តប្រយុទ្ធជំងឺរាតត្បាតកូវីដ ១៩ ដែលបានញាំញីសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជាក៏រងផលប៉ះពាល់ និងក៏បានរួមដៃគ្នាទប់ស្កាត់កុំឲ្យជំងឺនេះបង្កមហន្តរាយធ្ងន់ធ្ងរ។
នៅក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺដ៏សាហាវនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលស្មុគស្មាញដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ ១៩ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ។
ព្រឹត្តិការណ៍ធំ ៤ ដែលកម្ពុជាបានឆ្លងកាត់៖
១/ ការវិលត្រឡប់របស់បងប្អូនពលករមកក្នុងប្រទេស នៅពេលដែលមានការរាតត្បាតខ្លាំងនៅក្នុងតំបន់និងនៅលើពិភពលោក។
២/ ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
៣/ ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការសម្រួលឲ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេស អាចវិលត្រឡប់ចូលស្រុកវិញ និងអ្នកដំណើរផ្សេងទៀត។
៤/ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រោយពេលដែលរដ្ឋមន្រ្តីការបរទេសប្រទេសហុងគ្រី ដែលបំពេញដំណើរទស្សនកិច្ចនៅកម្ពុជាត្រូវបានគេប្រកាសរកឃើញឆ្លងកូវីដ ១៩ នាំឲ្យមានការបិទសាលារៀន និងរិតត្បិតការជួបជុំផ្សេងៗ។
ហេតុការណ៍ទាំង ៤ នេះ កម្ពុជាគ្រប់គ្រងស្ថានភាពបានរហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបអាចចៀសផុតការចម្លងទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងកូវីដបាននៅក្នុងសហគមន៍។
ប្រភព៖ លោកជំទាវ ឱ វណ្ណឌីន