ដំណឹងល្អ! តបសំណើសម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលកូរ៉េ ជួយសង់ស្ពានឆ្លងកាត់ទន្លេនៅភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្តាល

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា «តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយសាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាមិទ្ធផលមួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលិចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេ៕

ប្រភព៖ Fresh News