នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងចូលរួមកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាទៅលើការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ ទាំងចេញនិងចូលប្រទេសរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅ ជាមួយប្រទេសជាច្រើន ដែលបដិសេធមិនទទួលយកជើងហោះហើរមកពីចក្រភពអង់គ្លេស។ នេះបើយោងតាមអ្នកនាំពាក្យខុទ្ទកាល័យ នាយករដ្ឋមន្ត្រី។នៅថ្ងៃអាទិត្យម្សិលមិញ បណ្តាប្រទេសជាច្រើននៅអឺរ៉ុប បានចាប់ផ្តើមបិទទ្វារមិនទទួលអ្នកដំណើរមកពីចក្រភពអង់គ្លេសនោះឡើយ ក្រោយប្រទេសនេះ កំពុងរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងទីក្រុងឡុង និងតំបន់ភាគខាងត្បូងប្រទេសដែលកំពុងផ្ទុះរាតត្បាតកាន់តែខ្លាំង។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ រដ្ឋាភិបាលបារាំងបាននិយាយថា ខ្លួននឹងផ្អាកការធ្វើដំណើរមកពីចក្រភពអង់គ្លេសគ្រប់រូបភាព រយៈពេល ៤៨ម៉ោង (គិតចាប់ពីថ្ងៃប្រកាស) រាប់បញ្ចូលទាំងការដឹកទំនិញ ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក នាំឲ្យកំពង់ផែអង់គ្លេស Dover បានប្រកាសផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នដូចគ្នា៕
ប្រភព៖ reuters