កងទ័ពថៃបានសារភាពកាលពីថ្ងៃចន្ទម្សិលមិញនេះថា ពួកគេមិនអាចបិទព្រំដែនទាំងស្រុងពីជនចំណាកស្រុកខុសច្បាប់បានទេសូម្បីតែក្រសួងសុខាភិបាលបានបញ្ជាក់ថា ការឆ្លងមេរោគចុងក្រោយបង្អស់នៅឯទីផ្សារបង្គាមួយក្នុងខេត្ត សាមុត សាខន មានទំនាក់ទំនងជាមួយពលករចំណាកស្រុកក៏ដោយ។
នាយរងសេនាធិការនិងជាអ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ឯក Santipong Thammapiya បាននិយាយថា “ពលករចំណាកស្រុកខុសច្បាប់កំពុងឆ្លងដែនដោយប្រើប្រាស់បណ្តាញធម្មជាតិបើទោះបីជាយើងបានដាក់ពង្រាយកងទាហានទៅការពារព្រំដែនប្រវែង៥,៥២៦គីឡូម៉ែត្ររបស់យើងក៏ដោយ”។
លោកបានទទួលស្គាល់ថា ពលករចំណាកស្រុកខុសច្បាប់នៅតែលួចចូលប្រទេសថៃពីប្រទេសមីយ៉ាន់ម៉ាជាពិសេសនៅតាមទីតាំងតូចៗក្នុងខេត្ត Tak, Chiang Rai និង Kanchanaburi។ លោកបាននិយាយថា កងទ័ពនឹងដាក់ធនធានបន្ថែមទៀតរួមទាំងដ្រូន កងអង្គភាពល្បាតចល័តនិងរបងលួសបន្លាផងដែរដើម្បីការពារតំបន់ដែលមានហានិភ័យខ្ពស់។
លោកឧត្តមសេនីយ៍ឯក Santipong បន្តថា កងទ័ពបានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាចំនួន២៧៩នាក់នៅតាមច្រកដែលងាយរងគ្រោះក្នុងខេត្តទាំងបីហើយបានបញ្ជូនពួកគេទៅវិញ។
នៅរសៀលថ្ងៃនេះ រដ្ឋាភិបាលថៃបាន បន្តរកឃើញករណីអ្នកឆ្លងកូវីដថ្មីដល់ទៅ ៤២៧នាក់បន្ថែមទៀត នាំឲ្យតួលេខឆ្លងសរុបក្នុងប្រទេសនេះ កើនដល់ ៥៧១៦នាក់ ស្របពេលពលរដ្ឋសរុប ២២ខេត្ត ត្រូវបានរកឃើញជាប់ពាក់ព័ន្ធរលករាតត្បាតក្នុងផ្សារបង្គានៅខេត្ត សាមុត សាខុន។
អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលជំងឺកូវីដ ១៩ ថៃ លោក Taweesilp Visanuyothin បាននិយាយថា ក្នុងចំណោមករណីរកឃើញថ្មី ៤២៧នាក់ មាន ៣៩៧នាក់ជាពលរកចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា, ១៤នាក់ជាពលរដ្ឋថៃ មកពីក្រៅប្រទេស និង ១៦នាក់ផ្សេងទៀត ជាអ្នកពាក់ព័ន្ធរលករាតត្បាតក្នុងផ្សារបង្គារនៅសាមុត សាខុន ផ្ទាល់តែម្តង។
ត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ប្រទេសថៃ បានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុបជាង ១៣០០នាក់ ប៉ុន្តែជាសំណាងល្អ តួលេខអ្នកស្លាប់ក្នុងប្រទេសនេះ មិនមានការកើនឡើងនោះឡើយ៕