កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នា (MOU) មួយ បានធ្វើឡើងរវាងសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជនលំដាប់វីអាយភី VAAC ជាមួយនឹង Singapore Medical Center, SGMC ក្នុងការផ្ដល់ជូននូវ «សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី»។
ការចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នា (MOU) នេះ នឹងជួយសម្រួលដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ដែលស្វែងរកសេវាសង្រ្គាះជីវិតបន្ទាន់ និងការពិនិត្យសុខភាពមួយចំនួន នៅមន្ទីរពេទ្យនៃប្រទេសសិង្ហបុរី ក្នុងករណីដែលការព្យាបាលក្នុងស្រុកពុំទាន់មានប៉ុណ្ណោះ។
ក្រោយការចុះហត្ថលេខានេះ Singapore Medical Center នឹងផ្ដល់ជូននូវសិទ្ធិផ្ដាច់មុខដល់សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជនលំដាប់វីអាយភី VAAC នូវការផ្ដល់សេវាយន្តហោះសង្គ្រោះបន្ទាន់របស់ខ្លួនដល់គ្រប់អ្នកជំងឺទាំងឡាយណាដែលគ្មានការប្រើប្រាស់សេវាកម្មធានារ៉ាប់រងនានាណាមួយ ដើម្បីសម្រួលដល់ពួកគេក្នុងការស្វែងរកសេវាកម្មសង្គ្រោះបន្ទាន់ និងការពិនិត្យសុខភាពមួយចំនួននៅមន្ទីរពេទ្យឯប្រទេសសិង្ហបុរី ក្នុងករណីដែលការព្យាបាលក្នុងស្រុកពុំទាន់មាន។
គួរបញ្ជាក់ផងដែរថា VAAC ត្រូវបានបង្កើតឡើងដោយស្ថាបនិកស្ត្រីកម្ពុជាចំនួនបីរូប ក្នុងការផ្ដល់ជូនអតិថិជននូវការធ្វើដំណើរទៅពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យនានាដែលខ្លួនសហការនៅឯក្រៅប្រទេស ដោយផ្ដល់ជូននូវសេវាកម្មយន្តហោះពេទ្យសង្គ្រោះបន្ទាន់ និងយន្តហោះឯកជន ដែលមានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ការហោះហើរឆាប់រហ័សបំផុត ដោយមានគិលានុបដ្ឋាយិកា គ្រូពេទ្យជំនាញសម្រាប់មើលថែរក្សាអ្នកជំងឺក្នុងពេលធ្វើដំណើរលើយន្តហោះ និង មានអាកាសយានិកយ៉ាងស្ទាត់ជំនាញ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលច្បាស់លាស់ ដើម្បីធានា និងផ្ដល់ទំនុកចិត្តជូនអតិថិជន៕