ករណីមហាសេដ្ឋីធំៗលើលោក លាក់កំបាំងលុយចំណូលរបស់ពួកគេដើម្បីគេចពីការបង់ពន្ធជារឿងកើតឡើងជាយូរមកហើយ។ វាធម្មតាទេដែល អ្នករកប្រាក់បានច្រើនកាន់តែបង់ពន្ធធំនេះជាហតុផលដែលនាំឱ្យមហាសេដ្ឋីនានារកទំនុក លាក់លុយរបស់ពួកគេតាមដែលអាចធ្វើទៅបាន។
អានអត្ថបទនេះចប់អ្នកនឹងដឹងថា មានចំណេះជាច្រើនទាក់ទងនឹងលុយ ដែល ឧកញ៉ាញូស៍ ធ្វើឱ្យអ្នកអានភ្លឺភ្នែក។ បើមិនដាក់ធនាគារនិងបង់ពន្ធ តើពួកគេលាក់ទ្រព្យសម្បត្តិនៅកន្លែងណា? ក្រោមខ្នើយ?
ដំបូង ងាយយល់យើងត្រូវដឹងថា ការលាក់នេះវាគឺមែនលាក់ពីចោរទេ គឺលាក់ពីអាជ្ញាធរនិងមន្ត្រីពន្ធក្នុងប្រទេសដែលពួកគេកំពុងធ្វើអាជីវកម្ម។ នៅលើលោកយើងនេះ មានទីកន្លែងដ៏ពេញនិយមមួយចំនួនដែលមហាសេដ្ឋីចូលចិត្តដាក់លុយរបស់ពួកគេដោយសុវត្តិភាពនិងបង់ពន្ធមហាទាប។
១. ប្រទេស ប៉ាណាម៉ា
តាមប្រភព regency.com.pa ប៉ាណាម៉ាគឺជាទីជម្រកមួយដែលមានប្រវត្តិពន្ធមិនសូវល្អទេ។ ប្រទេសនេះ ត្រូវបានគេដឹងថា មានចរាចរប្រាក់ផ្សារងងឹតឧទាហរណ៍ដូចជាគ្រឿងញៀនពីអាមេរិកឡាទីន ប្រាក់កខ្វក់ផ្សេងៗទៀត ដោយមានក្រុមហ៊ុនឯកជនអន្តរជាតិចំនួនជាង ៣ សែន ៥ ម៉ឺនស្លាក បានចុះបញ្ជីជាសាធារណៈក្នុងសកម្មភាពពន្ធគយឬធានារ៉ាប់រង ការចុះបញ្ជីទូកនិងដឹកជញ្ជូន។
នៅទីនោះ គេមិនមានយកពន្ធសម្រាប់បណ្តាក្រុមហ៊ុនដែលធ្វើជំនួញខាងក្រៅប៉ាណាម៉ា គឺលើកលែងពន្ធពីសាជីវកម្មបែបទាក់ទង និងផ្នែកពន្ធដារ។ ឧទាហរណ៍ក្រុមហ៊ុនដែលមានសេវាកម្មកាត់ទុកពន្ធ ទូរទាត់ពន្ធលើអចលនទ្រព្យឬពន្ធមរតក។ល។
មិនតែប៉ុណ្ណោះប៉ាណាម៉ាមានច្បាប់ធានានូវភាពជាឯកជននៃសាជីវកម្មនិងភាពសម្ងាត់របស់បុគ្គល ដោយមានច្បាប់ជាមួយបទបញ្ជាដ៏តឹងរឹង។រាល់ការរំលោភលើការសម្ងាត់នឹងត្រូវទទួលទោសព្រហ្មទណ្ឌនិងព្រហ្មទណ្ឌធ្ងន់ធ្ងរ។សេដ្ឋីជាច្រើនបានប្រើឱកាសនេះចូលទៅកាន់ប៉ាណាម៉ាដើម្បីបង្កើតមូលដ្ឋានសុវត្ថិភាពនៃហិរញ្ញវត្ថុរបស់គេ។
២. ព្រះរាជាណាចក្រ បារ៉ែន
ប្រភពពី Financialtribune.com ប្រទេស បារ៉ែន (Bahrain) បានផ្ទេរខ្លួនពី “ ឧស្សាហកម្មប្រេងនិងឧស្ម័នមកជា“ កោះបដិសណ្ឋារកិច្ច” បន្ទាប់មកជាអាជីវកម្មហិរញ្ញវត្ថុពិសេសមួយសម្រាប់វិស័យធនាគារ។ ប្រទេសនេះមានចំនួនពលរដ្ឋច្រើនបំផុតដែលកាន់ការងារផ្នែកលំហូរលុយ។ ជាង ២៥% នៃផលទុនជាតិសរុប GDP បានមកពីផ្នែកធនាគារ និងកំពុងផ្តល់ការងារដល់ពលរដ្ឋប្រមាណ ១៤,០០០ នាក់។
បារ៉ែនក្រោយមកបានយល់ព្រមបន្ធូរបន្ថយការសម្ងាត់នៃបណ្តាញលុយរបស់ខ្លួនអនុវត្តតាមការទាមទាររបស់អង្គការ OECD ដោយយល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៤៣ ដែលអាចឲ្យពិភពលោកទទួលយកទិន្នន័យផ្លាស់ប្តូរព័ត៌មានពីគណនីធនាគារនានាក្នុងប្រទេសខ្លួនបាន។
ទោះយ៉ាងនេះក្តីប្រទេសនេះនៅតែជាទីស្តុកលុយដ៏ពេញនិយមដោយសារគេមានលក្ខខណ្ឌអំណោយផលមួយថា ដរាបណាក្រុមហ៊ុនបរទេសមិនចូលរួមក្នុងសកម្មភាពប្រេងឧស្ម័នឬប្រេងឥន្ធនៈពួកគេអាចរួចផុតពីការបង់ពន្ធគ្រប់ប្រភេទ។
៣. កោះ Marshall
សាធារណរដ្ឋ Marshall គឺជាប្រជុំកោះទំហំ ១៨១ គីឡូម៉ែត្រក្រឡានៅកណ្តាលលំហរមហាសមុទ្រប៉ាស៊ីហ្វិក។ ថ្វីបើមានទំហំតូចក៏ដោយ កោះនេះ បានក្លាយជាទីកន្លែងរួចពន្ធដ៏ពេញនិយមមួយ ដោយសារច្បាប់ចែងថា ក្រុមហ៊ុននានាដែលបានចុះបញ្ជីនៅកោះ Maeshall ប៉ុន្តែធ្វើអាជីវកម្មរបស់ខ្លួននៅកន្លែងផ្សេងទៀតហើយប្រមូលបានប្រាក់ចំណេញចូលមកទោះជាគ្មានប្រភពក្តីគឺរួចពន្ធ១០០%។ មិនជឿ? ដូចមិនទំនង? អាចសាកល្បងសិក្សាបាន។
ក្រៅពីនេះការចុះបញ្ជីនៅ Marshall មានភាពងាយស្រួលដោយសារនៅទីនោះមានក្រុមហ៊ុន ពិគ្រោះយោបល់ហិរញ្ញវត្ថុរាប់រយ ផ្តល់សេវាកម្ម២៤ ម៉ោងក្នុងមួយថ្ងៃដើម្បីជួយដល់ពាណិជ្ជករផ្សេងៗក្នុងការចុះឈ្មោះតាមអនឡាញដែលប្រើពេលរួចរាល់ត្រឹមតែមួយថ្ងៃគត់។
ដូចច្បាប់នៅប៉ាណាម៉ាដែរ អត្តសញ្ញាណរបស់ម្ចាស់ក្រុមហ៊ុន ថ្នាក់នាយកនិងអ្នកពាក់ព័ន្ធធំៗទទួលបានការរក្សាជាសម្ងាត់។ លើសពីនេះទៀតច្បាស់នៅ Marshall មិនមានតម្រូវការដាក់គណនីប្រចាំឆ្នាំទេ។ កោះ Marshall ត្រូវគេកត់ទុក បញ្ជីប្រផេះ (Gray List ) របស់អង្គការសហប្រតិបត្ដិការសេដ្ឋកិច្ចនិងការអភិវឌ្ឍហៅកាត់ OECD ។
៤. អារ៉ាប់រួម
មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ពែញនិយមនៃពិភពអារ៉ាប់មានមូលដ្ឋានធំបង្អស់នាទីក្រុងឌូបៃ។ ឌូបៃមិនត្រឹមតែត្រូវបានគេស្គាល់ថា ជាផ្ទះនៃអចលនទ្រព្យដ៏ប្រណីតបំផុតនៅអារ៉ាប់រួមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រករួចពន្ធផងដែរ។
នៅទីនោះ អត្តសញ្ញាណរបស់បណ្តាម្ចាស់ក្រុមហ៊ុនបរទេសមិនតម្រូវឱ្យបានចុះបញ្ជីជាសាធារណៈទេ។ ទោះបីជាពួកវិនិយោគបរទេសមានកាតព្វកិច្ចរៀបចំរបាយការណ៍គណនេយ្យប្រចាំឆ្នាំក៏ដោយក៏ពួកគេនឹងមិនចាំបាច់បង្ខំបង្ហាញរបាយការណ៍ចំណូលពិស្តារដល់អាជ្ញាធរឌូបៃដែរ។ នេះគឺជាលក្ខខណ្ឌដ៏វិសេសនៃឯកជនភាពរបស់សាជីវកម្មអន្តរជាតិនៅឌូបៃ។
នេះជាវប្បធម៌ប្បញ្ញត្តិពាណិជ្ជកម្មដ៏មាំមួយដែលនាំអោយឌូបៃសាយភាយក្លិនទាក់ទាញដ៏ពិសេសដល់វិនិយោគិនបរទេសជុំវិញពិភពលោក។
ក្រៅពីការប្រើគណនីធនាគារនៅឌូបៃដោយមិនគិតពន្ធទសេវាកម្មចុះបញ្ជីសាធារៈក៏រឹតតែមានភាពងាយស្រួលសម្រាប់បុគ្គលឬក្រុមហ៊ុនបរទេស ក្នុងការផ្ទេរប្រាក់ចូលនិងចេញក្រុងឌូបៃ។
៥. ចក្រភពអង់គ្លេស
ជាយូរណាស់មកហើយ ចក្រភពអង់គ្លេសនៅតែត្រូវបានគេចាត់ទុកថាជាអ្នកដើរតួនាទីដ៏ល្បីជាងគេមួយទាក់ទងជាមួយការសម្ងាត់ធំៗនៃពិភពហិរញ្ញវត្ថុ។ ប្រទេសនេះ ថែមទាំងមានពន្ធសាជីវកម្មទាបដល់ ២០% បើប្រៀបធៀបទៅនឹងអត្រាជាមធ្យមទូទំាងពិភពលោក (២៣,៦៣%) ។
ទីក្រុងឡុងដ៍ឬ ខ្លះដាក់ឈ្មោះថាជាបេះដូងនៃខ្ទមពន្ធរបស់ចក្រភពអង់គ្លេសត្រូវបានគ្រប់គ្រងដោយសាជីវកម្ម London ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតរបស់ពិភពលោក។ មជ្ឈមណ្ឌលនេះ បានទទួលសិទ្ទិភ្ជាប់និងគ្រប់គ្រងបណ្តាញមេទំាងព្រម នៃយុត្តាធិការសម្ងាត់ហិរញ្ញវត្ថុនានាផង។ តាមប្រភពពី Standard.com.uk វិធីមួយចំនួននៃការលាក់សាច់ប្រាក់ពីបរទេសត្រូវបានគេរកឃើញហើយកាលពីឆ្នាំ ២០១៤ បានលាតត្រដាងនូវតម្រុយមួយដែលគេរកឃើញថា សេដ្ឋីអាមេរិកម្នាក់ បានបង្ហោះសាររង្វាន់នៅលើទំព័រ Twitter @HiddenCash ផ្តល់រង្វាន់សាច់ប្រាក់តាមអ៊ិនធរណិតដែលគេសង្ស័យថា វាជាករណីលាងលុយដោយប្រើប្រាស់ចន្លោះដ៏អំណោយផលនៃច្បាប់។
៦. ប្រទេសលីបង់
តាមរយៈ Forbes យើងអាចដឹងបានថា ប្រទេសលីបង់មានបទបញ្ជាមិនផ្តល់នូវការសម្ងាត់ពីផ្នែកវិនិយោគទេ សូម្បីតែក្រសួងហិរញ្ញវត្ថុលីបង់ក៏មិនអាចទទួលបានព័ត៌មានទាក់ទងនឹងប្រតិបត្តិការឬអត្តសញ្ញាណអតិថិជនរបស់គេនៅក្នុងវិស័យហិរញ្ញវត្ថុដែរ។ ដោយសារតែការប្តេជ្ញាចិត្តនេះ លីបង់បានជាប់ក្នុងបញ្ជីខ្មៅនៃទីកន្លែងគេចពន្ធដែលមិនសហការដោយអង្គការ OECD និងត្រូវចោទថាគ្មានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការបន្លំផ្នែកហិរញ្ញវត្ថុ។
ភាគច្រើននៃលំហូរទ្រព្យសម្បត្តិនៅក្នុងប្រទេសលីបង់គឺហូរមកពីប្រទេសអារ៉ាប់អភិជនលីបង់ឬពលរដ្ឋចៅលីបង់ដែលចំណាកស្រុករស់នៅខាងក្រៅប្រទេស។
៧. ប្រទេសអាល្លឺម៉ង់
ទោះបីជាត្រូវបានគេដឹងថាជាប្រទេសមួយក្នុងចំណោមជម្រកទុកលុយដ៏ពេញនិយមរបស់ពិភពលោកក៏ដោយ ថ្មីៗនេះប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យមានការប្រយុទ្ធប្រឆាំងពេញទំហឹងនឹងការបន្លំពន្ធ។ ជាភ័ស្តុតាងនៃការប្តេជ្ញាចិត្តខ្លួន អាល្លឺម៉ង់បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយប្រទេសប្រមាណ ៩០ ផ្សេងទៀតលើយុទ្ធនាការនេះ។
អ្នកវិភាគនិយាយថា ក្រុងប៊ែរឡាំងត្រូវការផ្លូវវែងឆ្ងាយដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគេចពន្ធនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយសារកន្លងមកមានការរកឃើញការអនុវត្តធ្វេសប្រហែសនៃច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានអំពីចរន្តលុយមិនពេញលក្ខណៈរបស់ប្រទេសនេះ។
៨. លុចសំបួ
បើយោងតាម Financialtribune.com ក្នុងនាមជាសមាជិកស្ថាបនិករបស់អឺរ៉ុបលុចសំបួមានសិទ្ធិចូលទៅកាន់ទីផ្សារអឺរ៉ុបនិងថែមទាំងត្រូវបានការពារដោយឥស្សរជនសេដ្ឋកិច្ចអឺរ៉ុប ដែលទទួលបានអត្ថប្រយោជន៍ពីសេវាកម្មនៅបរទេស។ តាំងពីទសវត្សឆ្នាំ ១៩៧០ គេមានច្បាប់ដ៏ងាយស្រួលសម្រាប់ក្រុមហ៊ុនបរទេសដែលចង់ចូលមក ហើយក៏មានបទបញ្ជាដ៏រឹងមាំរក្សាការសម្ងាត់ឱ្យទៀត។ នេះធ្វើឱ្យលុចសំបួរក្លាយជាប្រទេសដែលពួកអ្នកមានភាពសម្លឹងរកមើលឱកាស។
៩. កោះ Cayman
ប្រភពពី camanabay.com កោះកៃម៉ានគឺធ្លាប់ត្រូវពួកអ្នកសេដ្ឋកិច្ចដាក់ឈ្មោះថាទីគេចពន្ធនៅការ៉ាបៀន។ វាជាប្រទេសមួយក្នុងចំណោមជំរកលាក់លុយល្បីៗ នៅលើពិភពលោក ពីព្រោះវាមិនមានពន្ធសាជីវកម្មទេ ហើយទម្រង់សាជីវកម្មណាមួយក្តីដែលបង្កើតឡើងនៅកោះ Cayman អាចដាក់លុយចូលមកដោយមិនចាំបាច់បង់ពន្ធអ្វីទាំងអស់។
យោងតាមរបាយការណ៍ដែលផ្តល់ដោយបណ្តាញយុត្តិធម៌និងការបង់ពន្ធ គេបានចាត់ទុកកោះនេះជាមជ្ឈមណ្ឌលធនាគារធំបំផុតលំដាប់លេខ៦ របស់ពិភពលោក។ នៅខែមិថុនាឆ្នាំ ២០១៤ ធនាគារកោះនេះមានទ្រព្យសរុបចំនួន ១.៤ ទ្រីលានដុល្លារ។ ភាគច្រើនលំហូរលុយបានមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិក។ Pepsi ក៏ដូច Pfizer និង Marriott ស្ថិតក្នុងចំណោមក្រុមហ៊ុនរាប់រយដែលមានសាខានៅកោះ Cayman ។
១០. ប្រទេសស្វីស
ស្ថេរភាពនៃវិស័យធនាគារនៅប្រទេសស្វីសគឺជាប់ចំណាត់ថ្នាក់ល្អបំផុតនៅលើពិភពលោក។ នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលប្រទេសស្វីសគឺជាប្រទេសមានពន្ធគយល្អបំផុតស្របតាមយុត្តាធិការនៃការសំងាត់សម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។
នៅខែកញ្ញាឆ្នាំ ២០១៥ សមាគមធនាគារស្វ៊ីសបានរាយការណ៍ថាធនាគារនៅប្រទេសនេះតំកល់ទ្រព្យសរុប ៦៦៥ ទ្រីលាន CHF (ប្រមាណ ៦.៥ ទ្រីលានដុល្លារអាមេរិក) ។.
ដោយសារមានសម្ពាធខ្លះ ពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប គណនីធនាគារស្វីសអាចត្រូវបានគេបង្ខំឲ្យផ្តល់ជូនអាជ្ញាធរពន្ធដារប្រសិនបើមានការចាំបាច់។ ព័ត៌មានជាក់លាក់អំពីបុគ្គលភាពម្ចាស់គណនីក៏អាចត្រូវបានគេបញ្ជាឱ្យបង្ហាញទៅអាជ្ញាធរពិនិត្យបទល្មើសពន្ធ ជាសំណុំពាក់ព័ន្ធដល់វិស័យធនាគារប្រមាណជាង ៦០ ប្រទេសទូទាំងពិភពលោកនេះ។
លក្ខខណ្ឌនេះអនុវត្តលើគណនីណាដែលមានតម្កល់ប្រាក់លើសពី ៥ ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ចំពោះពន្ធសាជីវកម្ម ប្រទេសស្វីសមានច្បាប់ ផ្តល់ការលើកលែងពន្ធដល់ក្រុមហ៊ុនណាដែលកាន់កាប់ភាគហ៊ុន ២០% ឬច្រើនជាងនេះរបស់ក្រុមហ៊ុនតូចៗផ្សេងទៀត។ ម៉្យាងទៀតក្រុមហ៊ុនទំាងឡាយ ដែលបានចុះបញ្ជីនៅប្រទេសស្វីសតែធ្វើអាជីវកម្មនៅក្រៅប្រទេស ត្រូវបង់ពន្ធប្រហែល ១០ ភាគរយ៉ុណ្ណោះនៃប្រាក់ចំណេញដែលខ្លួននាំមកពីទូទាំងពិភពលោក។
១១. ម៉ាកាវ Macao
ទោះបីជាផ្នែកមួយនៃប្រទេសចិនក៏ដោយ ម៉ាកាវរក្សានូវស្វ័យភាពនយោបាយដោយសារនីតិប្រតិបត្តិ នីតិប្បញ្ញត្តិនិងអំណាចតុលាការនៅដាច់ដោយឡែកពីក្រុងប៉េកាំង។ ក្រុងនេះ មានរូបិយប័ណ្ណផ្ទាល់ខ្លួនគឺ (MOP) ។
បណ្តាក្រុមហ៊ុនបរទេសចូលទៅម៉ាកាវឱ្យតែមានចំណូលមកប្រមាណ ៧៥.០៩៨.៥៧ ដុល្លារ ចុះគឺទទួលបានសិទ្ធិលើកលែងពន្ធ។
ទោះបីជា អាមេរិកមានឡាសវេហ្គាស ហើយអាស៊ី មានម៉ាកាវ ទំាងពីរនេះត្រូវបានគេចាត់ទុកថាជាទីផ្សារកាស៊ីណូដ៏ធំបំផុតរបស់ពិភពលោកផងក្តីក៏តាមពិតម៉ាកាវ រកបានប្រាក់ចំណូលប្រាំដងច្រើនជាងឡាសវេហ្គាស៕
ប្រែសម្រួល៖ តុងឡុង