ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានឡើងឈរលើកំពូលតារាងអ្នកមានជាងគេបំផុតលើពិភពលោកសាជាថ្មី ក្រោយពីភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ធ្លាក់ដាំក្បាលចុះមិនធ្លាប់មាន។ បើតាមការចុះផ្សាយពីសារព័ត៌មាន businesstoday នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក Elon Musk ជាអ្នកគ្រប់គ្រងតារាងអ្នកមានជាងគេនៅលើពិភពលោក លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៩.៩ពាន់លានដុល្លារ។ កាលម្សិលមិញ តម្លៃភាគហ៊ុនក្រុមហ៊ុន Tesla របស់លោក Elon Musk ធ្លាក់ចុះអស់ជាង ៨.៦ភាគរយ ឬស្មើនឹងការបាត់បង់ប្រាក់ដល់ទៅ១៥.២ពាន់លានដុល្លារ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។
ការធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ជាឪកាសរុញឲ្យCEO ក្រុមហ៊ុន Amazon លោក Jeff Bezos ឡើងទៅឈរលើកំពូលតារាងជាអ្នកមានជាងគេបំផុតលើពិភពលោក។ គិតមកដល់ថ្ងៃទី២៤ ខែកុម្ភៈនេះ លោក Jeff Bezos មានទ្រព្យសរុប១៨៦ ពាន់លានដុល្លារ ខណៈលោក Elon Musk មានទ្រព្យសរុប ១៨៣ពាន់លានដុល្លារ៕
ប្រភព៖ businesstoday