តើអាជ្ញាធរជាតិអប្សរា បង្កើតឡើងនៅឆ្នាំណា?

Uncategorized

អាជ្ញាធរជាតិអប្សរា ឬ អាចហៅបានម្យ៉ាងទៀតថា អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និង រៀបចំតំបន់អង្គរ (អ.ជ.អ) ត្រូវបានបង្កើតឡើងជាផ្លូវការ នាខែកុម្ភៈ ឆ្នាំ១៩៩៥ ដើម្បីជាការឆ្លើយតបជាពិសេសទៅនឹងលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌនានា នៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុងបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុង សាន់តាហ្វេ (មិចសិចកូថ្មី) នៃសហរដ្ឋអាមេរិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើអាជ្ញាធរជាតិអប្សរាជាអ្វី និង មានបេសកកម្មធ្វើអ្វីខ្លះ?

អាជ្ញាធរជាតិអប្សរា ជាគ្រឹះស្ថានសាធារណៈមួយ ប្រកបដោយបុគ្គលភាពគតិយុត្តិ មានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ ។ អាជ្ញាធរជាតិអប្សរា មានបេសកកម្មគិតគូរ ដឹកនាំការងាររៀបចំ និងអភិវឌ្ឍទេសចរណ៍ នៃតំបន់ចំនួនប្រាំ ដែលកំណត់ក្នុងព្រះរាជក្រឹត្យលេខ ០០១ នស ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្ដីពីការកំណត់ និង ចាត់ចែងតំបន់សៀមរាបអង្គរ។

១/តំបន់១ រមណីយដ្ឋានមានប្រាសាទៈ គឺតំបន់នានាដែលមានស្ថានីយបុរាណវត្ថុសំខាន់ៗ ហើយត្រូវទទួលកិច្ចការពារកំរិតខ្ពស់បំផុត។ ធម្មតាតំបន់ទាំងអស់នេះមានទំហំតូច តែចំពោះអង្គរវិញ ទោះមានផ្ទៃដ៏ធំធេងនោះក៏ត្រូវចាត់ចែងការពារចូលក្នុងកំរិតខ្ពស់បំផុតនេះដែរដោយតំបន់នេះមានប្រាសាទ និងសំណល់បុរាណវត្ថុច្រើន។

២/តំបន់ទី២ ឧទ្យានបុរាណវត្ថុត្រូវការពារៈ គឺតំបន់ដែលសំបូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្ដេសផ្ដាសនិងការអភិវឌ្ឍមិនសមស្រប។ ធម្មតាតំបន់ទាំងនេះ ស្ថិតនៅជុំវិញរមណីយដ្ឋានមានប្រាសាទ។ តំបន់ទាំងនេះច្រើនមានបុរាណវត្ថុបង្កប់ក្នុងទីនោះ។ តំបន់នេះមានសារៈសំខាន់ ចម្បងដោយសារ ជាតំបន់ទ្រនាប់សំរាប់ការពាររមណីយដ្ឋានមានប្រាសាទ។

៣/តំបន់៣ ទេសភាពវប្បធម៌ត្រូវការពារៈ គឺតំបន់ដែលមានលក្ខណៈជាទេសភាពត្រូវការពារ ដោយហេតុថា តំបន់នេះមានទិដ្ឋភាពបរមបុរាណ។ លើសពីនេះទៅទៀតបែបបទប្រើប្រាស់ដីធ្លី សំណង់លំនៅឋាន អាគារប្រវត្តិសាស្ត្រនៅទីនោះដែលជាកេរដំណែលដ៏យូរលង់ ផ្តល់តំលៃវប្បធម៌ខ្ពស់ ឆ្លុះបញ្ចាំងអោយឃើញជីវភាពរស់នៅពីអតីតកាល។ ទេសភាពវប្បធម៌នេះ ជាមធ្យោបាយរក្សាទស្សនវិស័យ ព្រមទាំងទំនាក់ទំនងរវាងទិដ្ឋភាពលេខធ្លោនានា ។ ទេសភាពវប្បធម៌ត្រូវការពារនេះ ត្រូវមានការគ្រប់គ្រងដោយច្បាប់ទំលាប់ទប់ទល់នឹងសកម្មភាពបំផ្លិចបំផ្លាញ បង្ហិនបង្ហោច។

៤/តំបន់៤ ចំណុចមានសារៈ សំខាន់ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬ ប្រវត្តវិទ្យាៈ គឺតំបន់ផ្សេងៗទៀត ដែលមានសារប្រយោជន៍ខាងបុរាណវត្ថុវិទ្យា តែមានសារៈសំខាន់កំរិតទាបជាងរមណីយដ្ឋានមានប្រាសាទ។ តំបន់នេះត្រូវរក្សាការពារដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវ ការអប់រំ ឬ ទេសចរណ៍ ។ កិច្ចការពារនិងច្បាប់ទំលាប់គ្រប់គ្រង់ត្រូវមានកំរិតដូចគ្នា និងឧទ្យានបុរាណវត្ថុដែរ។

៥/តំបន់៥ បរិវេណវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរៈ បរិវេណនេះគ្រប់ដណ្ដប់ខេត្តសៀមរាបទាំងមូល។ ក្នុងគោលដៅថែរក្សាបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិ ត្រូវចាត់ចែងវិធានការដើម្បីជំរុញការអភិវឌ្ឍស្ថិតស្ថេរមួយ និង​ វិធានការគណនាផលប៉ះពាល់លើបរិដ្ឋាន។

តើអាជ្ញាធរជាតិអប្សរាមានរចនាសម្ព័ន្ធយ៉ាងដូចម្ដេច?

អគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានរចនាសម្ព័ន្ធដូចតទៅ៖

-នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យាបង្ការ
-នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ
-នាយកដ្ឋាន​រៀបចំ​ដែនដី​ និង​គ្រប់​គ្រង​លំនៅ​ដ្ឋានក្នុង​ឧទ្យាន​អង្គរ
-នាយកដ្ឋាន​អភិវឌ្ឍន៍កសិកម្ម និង​សហគមន៍
-នាយកដ្ឋាន​គ្រប់​គ្រង​ទឹក
-នាយកដ្ឋាន​គ្រប់​គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌ និងបរិស្ថាន
-នាយកដ្ឋាន​សណ្តាប់ធ្នាប់​ និងសហប្រតិបត្តិការ
-នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ​​ និងបទ​ដ្ឋាន​បេតិកភណ្ឌ
-នាយកដ្ឋាន​អភិវឌ្ឍន៍​បេតិកភណ្ឌ​ក្រុងក្នុង​តំបន់​សៀមរាប
-នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ
-នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និងសម្ភារៈ
-នាយកដ្ឋាន​ហិរញ្ញកិច្ច​ និងគណនេយ្យ
-នាយកដ្ឋានផ្សព្វផ្សាយ
-នាយកដ្ឋាន​ទ្រទ្រង់បចេ្ចកទេស​ និង​គម្រោង​អន្តរវិស័យ
-ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍
-មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ
-មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា
-ក្រុមការងារសហគមន៍

ឧទ្យានអង្គរ ឬរមណីយដ្ឋាន​អង្គរ​ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើ​រមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡា សរុប ៤០១គីឡូម៉ែត្រក្រឡា។ ប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទ​ជិត ១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីប៉ុណ្ណោះ។

ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក​របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

តំបន់ឧទ្យាន​អង្គរ ត្រូវ​បានបែងចែកជាបីតំបន់ធំៗគឺ៖

ទី១៖ តំបន់កណ្តាល (ផ្ទៃដីសរុប ៣៥១០០ហិកតា)៖ មានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធជាដើម។

ទី២៖ តំបន់ខាងជើង (ផ្ទៃដីសរុប ២០០០ហិកតា)៖ មានប្រាសាទបន្ទាយស្រី។

ទី៣៖ តំបន់ខាងត្បូង ឬហៅថា តំបន់រលួស (ផ្ទៃដីសរុប ៣០០០ហិកតា)៖ មានប្រាសាទបាគង ព្រះគោ លលៃជាដើម។

ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ៖ ១).ប្រាសាទ ២).បរិស្ថាន និង៣).សហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។

នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​មាន​សំណង់​ប្រាសាទ​បុរាណ​ជិត ១០០ ដែលនៅ​សល់​​រូបរាង​យ៉ាង​ល្អ និង​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា។

ដោយ​ចែក​ចេញ​ជា ៥ តំបន់ ​នៅ​ក្នុង​តំបន់ ១ និង​តំបន់ ២ ​ជា​តំបន់​ដែល​មាន​ស្ថានីយ​បុរាណ​វត្ថុ​សំខាន់ៗ​មាន​ប្រាសាទ និង​សំណល់បុរាណវត្ថុច្រើន ហើយ​ដែល​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​កំរិត​ខ្ពស់បំផុត។