នាយិកាធនាគារពិភពលោកថ្មី សរសើរពីភាពរីកចម្រើនប្រទេសកម្ពុជានារយៈពេល ២០ឆ្នាំ ចុងក្រោយនេះ

Uncategorized

ក្នុងពិធីជួបសម្តែងការគួរសម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពការរីកចម្រើនប្រទេសកម្ពុជា ដ៏ឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីនាយិកា បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃ ខ្ពស់ចំពោះប្រទេសកម្ពុជា ដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នេះ ជាពិសេសសមិទ្ធផលសម្រេចបានលើការបំពេញការងារក្នុងភាពជាដៃគូរយៈពេលកន្លងមកជាមួយ ក្រសួងលើវិស័យដឹកជញ្ជូន ការងារគ្រប់គ្រងទឹកកខ្វក់ និងសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ផ្សេង ទៀត ហើយលោកស្រីនាយិកាសង្ឃឹមជឿជាក់ថា៖ ការបំពេញតួនាទីរបស់លោកស្រីក្នុងអាណត្តិរយៈពេល ៤ឆ្នាំនៅកម្ពុជានេះ នឹងបន្តភាពជាដៃគូរឹងមាំថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាល ជ្រៅចំពោះលោកស្រីនាយិកា ដែលទើបទទួលបានការតែងតាំងក្នុងមុខដំណែងដឹកនាំនៅក្នុងធនាគារ ពិភពលោកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ធនាគារពិភពលោកដែល បានផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យមាន ការរីកចម្រើន។

ទាក់ទងនឹងការកសាងសមត្ថភាព ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកាថា៖ ក្រសួង បានបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលលើជំនាញ វិស្វកម្មផ្លូវថ្នល់ ស្ពាន បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈជាមួយ សាកលវិទ្យាល័យបរទេសមួយចំនួន និងគ្រោងចុះអនុស្សរណៈបង្កើនភាពជាដៃគូជាមួយក្រុមហ៊ុន RMA Group និងសមាគមភស្ដុភារកម្មកម្ពុជា(CLA)ផងដែរ ដើម្បីកសាងសមត្ថភាពសម្រាប់វិទ្យាស្ថាន ហើយ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញពីបំណងចង់សហការជាមួយធនាគារពិភពលោកលើ ការស្វែងរកសាស្រ្តាចារ្យ និងអ្នកជំនាញល្អៗបន្ថែមទៀត ដែលអាចផ្តល់ការបង្រៀនដោយផ្ទាល់ ឬតាមអន ឡាញដល់និស្សិតរបស់វិទ្យាស្ថាន។

ទាក់ទងនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យលោកស្រីនាយិកា ពិនិត្យលទ្ធភាពក្នុងការជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗ ដែលប្រព័ន្ធនេះមានអត្ថប្រយោជន៍ជួយកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាល មានសមត្ថភាពអាចចាប់ល្បឿន យានយន្ត ដឹងពីល្បឿន អត្តសញ្ញាណ និងទម្ងន់ផ្ទុករបស់យានយន្តដឹកជញ្ជូន ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានអញ្ជើញលោកស្រីនាយិកាចុះទៅពិនិត្យដោយផ្ទាល់នូវការបំពាក់ប្រព័ន្ធនេះនៅទីតាំងមួយកន្លែងផងដែរ។

ជាការឆ្លើយតប លោកស្រីនាយិកា បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់ចំពោះសំណើនានាដែល ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង និងបានគូស បញ្ជាក់ថា៖ ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រលចំពោះសំណើទាំងនោះ។

សូមជម្រាបជូនថា៖ លោកស្រី Maryam Salim ទើបទទួលបានការតែងតាំងពីធនាគារពិភពលោក ជានាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ជំនួសលោកស្រី Inguna Dobraja ដែលត្រូវផ្លាស់ទៅបម្រើការនៅសាធារណរដ្ឋ Moldova បន្ទាប់ពីបានដឹកនាំការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជាអស់រយៈពេលមួយអាណត្តិកន្លងមក។ លោកស្រី Maryam Salim មានបទពិសោធន៍ ការងារអស់រយៈពេលជាង២០ឆ្នាំក្នុងធនាគារពិភពលោក មុនពេលលោកស្រីត្រូវបានផ្លាស់មកកម្ពុជា លោកស្រីបានកាន់តំណែងជានាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសអាល់បានីផងដែរ៕