ឧកញ៉ា នួន អក បានបរិច្ចាគថវិកាចំនួន ៤,០០០ដុល្លារជារៀងរាល់ខែ ដល់មណ្ឌលកុមារកំព្រាមួយ ដែលស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោក ឧកញ៉ាបានបញ្ជាក់ថា ការផ្តល់ជូនថវិកាសប្បុរសធម៌ដល់មណ្ឌលកុមារកំព្រានេះ នឹងធ្វើឡើងជារៀងរាល់ខែដែលមានរយៈពេល២០ឆ្នាំ ដើម្បីជួយក្មេងកំព្រានៅក្នុងមណ្ឌលនោះ ឱ្យទទួលបានអាហារ សម្លៀកបំពាក់ និងការសិក្សាគ្រប់គ្រាន់។

កាលពីថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ២០១៩ ឧកញ៉ា នួន អក ដែលត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកផ្នែកអចលនទ្រព្យឆ្នើម និងជាអ្នកជំនួញដ៏ជោគជ័យមួយរូបនោះ ធ្វើដំណើរទៅមណ្ឌលកុមារកំព្រាមួយកន្លែង ដែលស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីប្រគល់ថវិកាសប្បុរស ចំនួន ៤,០០០ដុល្លារ និងសម្ភារចំបាច់មួយចំនួនទៀត ដូចជា សម្ភារសិក្សា អង្ករ និងសម្លៀកបំពាក់ជាដើម។

ថវិកានេះ ត្រូវបានប្រគល់ទៅលោក នូវ សារ៉ាត់ ប្រធានមណ្ឌលកុមារកំព្រាឈ្មោះថា មណ្ឌលកុមារកំព្រា ឧកញ៉ា នួន អក ព្រៃជុំ។ បើតាម ឧកញ៉ា នួន អក បានបញ្ជាក់ថា គិតមកទល់ពេលនេះ គឺមានរយៈពេល៨ខែហើយ ដែលលោកបានប្រគល់ថវិកាប្រចាំខែជូនមណ្ឌលកុមារកំព្រានេះ រួមជាមួយនឹងសម្ភារចំបាច់មួយចំនួនទៀត ដូចជាសម្ភារសិក្សា អង្ករ និងសម្លៀកបំពាក់ជាដើម។
សប្បុជនដដែល បានបញ្ជាក់នៅក្នុងពេលប្រគល់ប្រាក់ឧបត្ថម្ភថា ក្មេងកំព្រាទាំងនោះ ក្រៅពីទទួលបានការទំនុបបម្រុង ផ្នែកអាហារ ស្នាក់នៅ និងសិក្សារៀនសូត្រចប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ហើយនោះ លោកឧកញ៉ា នឹងបន្តជួយដល់ក្មេងកំព្រាទាំងនោះទៀត ឱ្យទទួលបានការសិក្សានៅសាកលវិទ្យាល័យនានា ទៅតាមជំនាញដែលពួកគេស្រលាញ់ និងចូលចិត្តរៀងៗខ្លួន រហូតទទួលបានការងារធ្វើប្រចាំជីវិត។ លោកបាននិយាយដូច្នេះ៖«ក្មេងៗគឺទំពាំងស្នងឬស្សី ហើយការអភិវឌ្ឍធនធានមនុស្ស គឺជាការជួយយ៉ាងខ្លាំងដល់ប្រទេសជាតិ»។

នៅក្នុងឱកាសនេះដែរ ឧកញ៉ា នួន អក ក៏បានប្រកាសស្វែងរកជំនួយបន្ថែមទៀត ដើម្បីពង្រីកមណ្ឌលកុមារកំព្រានេះ សម្រាប់ជួយដល់ក្មេងកំព្រាឱ្យបានកាន់តែច្រើនថែមទៀត។ បច្ចុប្បន្ន នៅមណ្ឌលកុមារកំព្រានេះ មានលទ្ធភាពអាចជួយក្មេងកំព្រាបានជិត៥០នាក់ ប៉ុណ្ណោះ។ បើតាមឧកញ៉ា នួន អក ក្រៅពីជួយដល់មណ្ឌលកុមារកំព្រា ក្នុងខេត្តកំពង់ស្ពឺនេះ លោកឧកញ៉ា ក៏បានជួយឧបត្ថម្ភ ថវិកាដល់មណ្ទលកុមារកំព្រាមួយកន្លែងទៀត នៅក្នុងខេត្តសៀមរាប ចំនួន៤០០០ដុល្លារក្នុងមួយខែផងដែរ៕
















ប្រភព៖ ថ្មីៗ