ការកើនឡើងចំពោះតម្លៃប្រេងនាពេលបច្ចុប្បន្នគឺ មានសញ្ញាព្រួយបារម្ភជាខ្លាំង ដ្បិតវាមិនមែនកើតឡើងតែនៅប្រទេសកម្ពុជាឡើយ ពោលគឺនៅទូទាំងពិភពលោកតែម្ដង។
តម្លៃថ្លៃខ្លាំងមធ្យម ងំតម្រូវការក៏ច្រើនដូចគ្នា ដែលជាហេតុធ្វើឲ្យ Cairn Oil & Gas ក្រុមហ៊ុនផលិតប្រេងធំបំផុតនៅឥណ្ឌា ដែលគ្រប់គ្រងដោយមហាសេដ្ឋី Anil Agarwal សម្លឹងឃើញឱកាសមួយ គឺគ្រោងចំណាយទឹកប្រាក់ច្រើនពាន់លានដុល្លារ ក្នុងការបង្កើនការផលិតប្រេងនាពេលខាងមុខ។
ក្រុមហ៊ុនមួយនេះមានបំណងចង់ចាយលុយប្រមាណ ៤ ពាន់លានដុល្លារទៅលើការខួងអណ្ដូងប្រេងបន្ថែម ប្រមាណ ៥១ កន្លែងផ្សេងទៀតនៅទូទាំងប្រទេស។
គម្រោងរបស់ Cairn មួយនេះគឺហាក់មានភាពលេចធ្លោជាងដៃគូប្រជែងឯទៀតជុំវិញពិភពលោក ដោយសារបច្ចុប្បន្នតម្លៃរបស់ប្រេង និងឧស្ម័នគឺមានតម្លៃខ្ពស់ រហូតធ្វើឲ្យអ្នកផ្គត់ផ្គង់ខ្លះមានការពិបាកក្នុងការចែកចាយ។
តែស្ថានការណ៍នៅឥណ្ឌាគឺខុសពីប្រទេសឯទៀត ដោយសារប្រទេសមួយនេះ គឺពឹងផ្អែកខ្លាំងទៅលើវិស័យប្រេង ដ្បិតប្រេង ៨៥%ដែលកំពុងចរាចរណ៍នៅក្នុងប្រទេស គឺសុទ្ធតែជាការទិញចូលពីក្រៅប្រទេស ដូច្នេះបើការផ្គត់ផ្គង់ក្នុងស្រុកមានការកើនឡើងនោះ វាក៏អាចជួយសេដ្ឋកិច្ចឥណ្ឌាឲ្យមានស្ថិរភាពជាងមុនបន្តិចផងដែរ។
បន្ថែមពីនោះ គោលបំណងនៃការចង់ពង្រីកការផលិតប្រេងរបស់ Cairn គឺចង់ចូលរួមចំណែកផ្គត់ផ្គង់ការប្រើប្រាស់ប្រេងនៅក្នុងប្រទេសឲ្យបានយ៉ាងហោច ៥០% នៃការប្រើប្រាស់សរុប ខណៈពួកគេផលិតប្រេងបាន ១៥៩ ០០០ បារ៉ែល (១ បារ៉ែល គឺប្រហែល ១៥៩ លីត្រ) ក្នុងរយៈពេល ៣ ខែ។
បញ្ជាក់ដែរថា ក្រុមហ៊ុនមួយនេះបានវិនិយោគទឹកប្រាក់ប្រមាណ២,៥ ពាន់លានដុល្លាររួចម្ដងហើយកាលពី ៣ ឆ្នាំមុន ដែលគ្រានោះសហគ្រាសផលិតប្រេងធំៗទូទាំងពិភពលោកមានការរអាជាមួយអាជីវកម្មមួយនេះ ដោយសារតម្លៃរបស់វានាពេលនោះធ្លាក់ចុះខ្លាំងពេក៕
ប្រភព: moneycontrol