សាលា១ខ្នងដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាំង ពីឆ្នាំ១៩៩៧ ដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុនសែនសិរីដីដុះ នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កំពុងតែរងការខួចខាត ប្រេះស្រាំ ទ្រុឌទ្រោមខ្លាំង ធ្វើឲ្យសិស្សានុសិស្ស ព្រមទាំង លោកគ្រូអ្នកគ្រូ ដែលរៀននឹងបង្រៀននៅទីនោះ មានការភិតភ័យទាំងព្រលឹងចុងសក់ រាល់ថ្ងៃ។

តាមការបង្ហោះលើបណ្ដាញសង្គមគណនី Vannthoeun Phorn ដែលគេស្គាល់ថា ជានាយករងនៃ វិទ្យាល័យខាងលើ បានឲ្យដឹងថា អាគារ១ខ្នងនេះ គឺជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាំង ពីឆ្នាំ១៩៩៧ មកម្លេះ។ ដោយមានការខូចខាតបែបនេះ ថ្នាក់ដឹកនាំសាលា បានធ្វើសំណើរហូតដល់ ៣លើកហើយទៅការិយាល័យ អប់រំ មន្ទីរអប់រំ និងក្រសួងអប់រំ ប៉ុន្តែមិនមានចំណាត់ការបែបណាឡើយ។

គណនី Vannthoeun Phorn បានសរសេររៀបរាប់អមទាំងរូបថតព្រមទាំងវីដេអូផងបែបនេះថា”
ឈ្មោះកូនម្នាក់នឹងគេដែរ តែកម្សត់ណាស់ ព្រោះ៖ ១.តាំងពីឆ្នាំ១៩៩៧មក គ្មានទីចាត់ការធ្វើការ(យកបន្ទប់សិស្សត្រូវរៀនធ្វើទីចាត់ការចល័ត)
២.អគារនីមួយៗ(៦ខ្នង)បាននិងកំពុងស្រុត ប្រេះបាក់ទ្រុឌទ្រោម គួរឱ្យភ័យខ្លាច ខ្ញុំធ្វើសំណើ៣លើកហើយទៅការិយាល័យ អប់រំ មន្ទីរអប់រំ និងក្រសួងអប់រំ តែមិនមានអាណិត និងមេត្តាផ្ដល់ឱ្យ។ ខ្ញុំសូមស្នើតាមខ្សែរយៈថាខ្លាចយូរ ក៏តាមផ្លូវកាត់ដល់រដ្ឋមន្រ្តីចុះហត្ថលេខាតាំងពីខែធ្នូ ឆ្នាំ២០១៨ តែមិនឃើញបានផលដល់ពេលនេះ បែរជាមានបុគ្គលខ្លះថា “ជាកូនក្រៅខោ មិនរត់តាមឋានានុក្រម”។ យើងខ្ញុំជាកូនសម្ដេចដែរ តែហេតុអ្វីក៏កម្សត់បែបនេះយូរម្ល៉េះ? ខ្ញុំធ្វើដើម្បីកូន ចៅ ប្រជាជនដូចគេដែរ ហេតុអ្វីក៏មានការហាមមិនឱ្យមានការស្នើសុំអ្វីផ្សេងៗ? តើការនិយាយសង្ខេបរបស់ខ្ញុំនេះខុសទេ? សូមបង ប្អូន មា មីង សិស្សានុសិស្សជួយស៊ែរបន្តឱ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន លោកបានជ្រាបផង។ ខ្ញុំគិតថា”សម្ដេចទាំងពីរ បង្កើតកូនហើយ មិនបោះបង់ចោលបែបនេះនោះទេ ហើយនៅជិតគេហដ្ឋានសម្ដេចទៀត”។”








