ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ពោធបើកជាផ្លូវការនូវមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យជាលើកដំបូង សម្រាប់ការរក្សាឯកសារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃឯកសារ និងទុកជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ រៀនសូត្រ ការវិភាគទិន្នន័យ និងសម្រាប់អ្នកបន្តវេន ក្នុងតម្លៃប្រមាណ ១លានដុល្លារអាមេរិក។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី១៦ ខែឧសភាបានឲ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត ។ បេីទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំក៏ដោយ តែយេីងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយេីងមាន ។
លោកបន្ថែមថា ក្នុងយុគសម័យនៃការរីកចម្រេីន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ រៀនសូត្រ ហេីយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថភាពទិន្នន័យរបស់យេីងបានជាសង្ងាត់ និងយូរអង្វែងផងដែរ ។
មជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យ ត្រូវបានអភិវឌ្ឍន៍គឡើងដោយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) បានទទួលសិទ្ធិក្នុងការផ្គត់ផ្គង់និងកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center)។
គួររម្លឹកថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបាន បង្កើតឡើងនៅឆ្នាំ២០២០ ដោយផ្តោតទៅលើបេសកកម្ម ចម្បងរបស់ក្រសួង គឺយកចិត្តទុកដាក់ និងផ្តោតជាអាទិភាពទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រៅអំពីការកែទម្រង់រចនាសម្ព័ន្ធ និងភារកិច្ចសំខាន់មួយចំនួនននៃអតីតៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕