អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស ឧកញ៉ា ឡេង ប្រុស តំណាងឲ្យគ្រួសារត្រកូល «ឡេង» នៅថ្ងៃទី៣ ខែមិថុនា នេះ បានជូនថវិកាដល់លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់ចំនួន១០ម៉ឺនរៀល តម្កល់ក្នុងសាលាចំនួន១០លានរៀល សិស្សានុសិស្សចំនួន ១០០០នាក់ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១ម៉ឺនរៀលទាំងសាលាបឋមសិក្សាឃ្លាំង និងអនុវិទ្យាល័យឈើកាច់ ព្រមទាំងទិញកង្ហារបំពាក់ក្នុងថ្នាក់ និងចាក់ដីបំពេញបន្ថែមទីធ្លាសាលាសរុបទឹកប្រាក់ជិត១ម៉ឺនដុល្លារស្ថិតនៅក្នុងភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវៃង។

លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស ក៏ដូចជាគ្រួសារត្រកូល «ឡេង»ទាំងមូលផងដែរ។
ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។
ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ ក៏ដូចជាផ្តល់ការឧបត្ថម្ភដល់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវ: ដេីម្បីគាំទ្រដល់ការកសាងធនធានមនុស្ស។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕



