រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​កម្ពុជាលើក​សំណើ​មួយ​ចំនួន ក្នុង​ជំនួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​អង្គការពាណិជ្ជកម្ម​ពិភពលោក​

Uncategorized

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​ជួបពិភាក្សាការងារជាមួយ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការ WTO ដោយមានការចូលរួមពី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ដ្រីពាណិជ្ជកម្មសហភាពអារ៉ាប់រួម និងរដ្ឋលេខាធិការនៃប្រទេសស្វីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយិកាអង្គការ WTO បានលើក​ពីគោលបំណង​រៀបចំកិច្ចប្រជុំនេះឡើង ដើម្បី​ជម្រាបជូនសមាជិកនៃអង្គការ WTO ដែលចូលរួម អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខនេះ។

អគ្គនាយិកាអង្គការ WTO បានជម្រាបជូនអង្គប្រជុំអំពីទិដ្ឋភាពទូទៅនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើក​ទី​១២​ ក្នុងនោះ លោកជំទាវបានលើកឡើងអំពីបញ្ហា និងប្រធានបទសំខាន់ៗមួយចំនួនមានដូចជា៖ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ WTO។

អគ្គនាយិកាបានស្នើដល់អង្គប្រជុំ ឱ្យព្យាយាមរកចំណុចឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ និងសមាជិកអង្គការ WTO ដើម្បីជំរុញ និងពន្លឿនការចរចា និងសេចក្ដីសម្រេចសន្និសីទ MC12 ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនជូនដល់ប្រទេសខ្លួន ក៏ដូចជាសមាជិកអង្គការ WTO ទាំងមូល។

ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមដើម្បីពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់អង្គការ WTO យ៉ាងមានប្រសិទ្ធភាព។

លោក​រដ្ឋមន្ដ្រីបន្ដថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីឧបត្ថម្ភធនជល គួរផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយ​ឡែក (Special and Differential Treatment – SDT) ដោយមានភាពបត់បែនជូនប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងនោះមានប្រទេសកម្ពុជា។

បើ​តាមលោក​រដ្ឋមន្រ្តី កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗក្នុងសន្និសីទ MC12 ដូចជា ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាលជាដើម ដើម្បីបញ្ជាក់ថា អង្គការ WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវសមិទ្ធផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានេះ រដ្ឋមន្រ្តីកម្ពុជា​រូប​នេះ​ក៏​បានធ្វើការវាយតម្លៃខ្ពស់ចំពោះអគ្គនាយិកា និងអគ្គក្រុមប្រឹក្សាអង្គការ WTO ដែលបានសម្របសម្រួលសំណើរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ពាក់ព័ន្ធការស្នើសុំការរក្សាការអនុគ្រោះពន្ធក្នុងរយៈពេលកំណត់មួយ បន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ LDCs និងកញ្ចប់នៃវិធានការគាំទ្រ ក្នុងអនុគណៈកម្មការ LDC៕