សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» (the Taste of Angkor) បានឈ្នះពានរង្វាន់ចំនួន២ ពី Gourmand World Cookbook Awards 2022 នៅក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ (Umeå) នៅប្រទេសស៊ុយអែត នាថ្ងៃទី ២-៥ ខែមិថុនា ឆ្នាំ២០២២។

បើតាមការបង្ហាញឱ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០៦ ខែមិថុនានេះ ពានរង្វាន់ទាំងពីរនោះគឺ៖ ១. «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ», ២. «សៀវភៅមុខម្ហូបរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ» (អារម្ភកថារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន)។ រីឯ សៀវភៅមុខម្ហូបខ្មែរមួយទៀតក្រោមចំណងជើងថា «តម្រាភោជនាហារ» ក៏ទទួលបានពានរង្វាន់ពិសេសពីគណៈវិនិច្ឆ័យនៃ Gourmand World Cookbook Awards 2022 ផងដែរ។

គួរបញ្ជាក់ថា ស្ថានទូតកម្ពុជានៅទីក្រុងប៉ារីស សហការជាមួយ Gourmand World Cookbook Awards មានកិត្តិយសនាំយក សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor» ចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូបលំដាប់ពិភពលោក ដើម្បី ប្រែក្លាយប្រពៃណីខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំឲ្យទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង ដែលជាទីពេញនិយមចូលចិត្តបំផុតរបស់ ប្រជាជនខ្មែរ និងបានបង្ហាញពីភាពសម្បូរបែបនៃកេរ្តិ៍ដំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់ នៅទូទាំងពិភពលោក។

