ស្ដេចត្រាញ់អាស៊ី ចាយលុយរាប់ពាន់លានដុល្លារ ទិញសិទ្ធផ្សព្វផ្សាយកីឡាពេញនិយមនៅឥណ្ឌា

Uncategorized

លោក Mukesh Ambani ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីមានបំផុតម្នាក់របស់ប្រទេសឥណ្ឌា ថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងលើការទទួលសិទ្ធិក្នុងការចាក់ផ្សាយកីឡា Cricket ដែលរាប់បញ្ចូលទៅក្នុងអាជីវកម្មថ្មីមួយផ្សេងទៀតរបស់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ការបណ្តាក់ទុនមួយ ដែលគាំទ្រដោយ លោក Ambani បានឈ្នះសិទ្ធិក្នុងការចាក់ផ្សាយកីឡា Cricket តាមរយ: India Premier League (IPL) ខណ:ដែលត្រូវបានគេដឹងថាជា​ក្របខ័ណ្ឌ​ដ៏មានតម្លៃថ្លៃបំផុតមួយលើពិភពលោក​ ក្នុងការទទួលបានសិទ្ធិផ្សព្វផ្សាយ ។

Cricket គឺជាកីឡាមួយប្រភេទ ដែលមានភាពពេញនិយមខ្លាំងបំផុត នៅក្នុងប្រទេសឥណ្ឌា ដែលប្រភេទកីឡានេះ គឺមានលក្ខណ:ស្រដៀងគ្នាទៅនឹង Baseball ដែរ តាមរយ:ការប្រើប្រាស់ដំបងរាងសំប៉ែត ដើម្បីវាយកូនបាល់ តម្រូវឱ្យមាន ២ ក្រុមធ្វើការប្រកួតគ្នា ហើយក្រុមនីមួយៗ ត្រូវមានសមាជិក ១១ នាក់ នៅលើទីលាន ។

ទន្ទឹមនឹងនេះ Viacom18 ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាង Paramount និងក្រុមហ៊ុន Reliance Industries របស់លោក Ambani បានធានាសិទ្ធិក្នុងការចាកផ្សាយលើប្រព័ន្ធឌីជីថល នៅក្នុងតម្លៃប្រហែល ២៣៨ ពាន់លានរូពី ឬ ៣,០៣ ពាន់លានដុល្លារ ។ នេះបើយោងតាមលោក Jay Shah លេខាធិការក្រុមប្រឹក្សាភិបាលកីឡា Cricket នៅក្នុងប្រទេសឥណ្ឌា បាននិយាយនៅលើគណនី Twitter កាលពីថ្ងៃអង្គារ។

មិនតែប៉ុណ្ណោះ លោក Shah បានបន្ថែមទៀតថា ជាមួយគ្នានេះដែរ ក្រុមហ៊ុន Star India ដែលជាកម្មសិទ្ធរបស់ Disney ក៏បានរក្សាសិទ្ធិរបស់ពួកគេ ក្នុងការចាក់ផ្សាយលើទូរទស្សន៍ផងដែរ ជាមួយនឹងការដាក់ដេញថ្លៃប្រហែល ២៣៦ ពាន់លានរូពី (៣,០២ ពាន់លានដុល្លារ) ហើយកិច្ចព្រមព្រៀងទាំង ២ នេះ នឹងដំណើរការរហូតដល់ឆ្នាំ ២០២៧ ដូចគ្នា ។

បញ្ជាក់ថា ក្របខ័ណ្ឌ IPL ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៧ ហើយបានទាក់ទាញកីឡាករ ដែលជាអ្នកលេង Cricket ល្បីៗជាច្រើន មកពីជុំវិញពិភពលោក និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសនៅក្នុងប្រទេសឥណ្ឌា ដែលបានធ្វើឱ្យអ្នកបណ្តាក់ទុនធំៗ សម្លឹងឃើញឱកាសពង្រីកអាជីវកម្មរបស់ពួកគេ សម្រាប់ការទទួលសិទ្ធិផ្សព្វផ្សាយតាមរយ:ប្រព័ន្ធឌីជីថល ដែលកំពុងមានភាពរីកចម្រើននៅក្នុងប្រទេសនេះ ។

Ambani ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីមានបំផុតមួយនៅអាស៊ី ដែលមានទ្រព្យសម្បត្តិជិត ១០០ ពាន់លានដុល្លារ ស្របពេលលោកទទួលបានផលចំនេញធំបំផុតពីអាជីវកម្មប្រេង ប៉ុន្តែក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ បុរសវ័យ ៦៥ ឆ្នាំរូបនេះ បាននិងកំពុងងាកទៅធ្វើការវិនិយោគធំ ទៅក្នុងវិស័យផ្សេងទៀត ដូចជា បច្ចេកវិទ្យា ថាមពលស្អាត និងការលក់ទំនិញរាយ ៕