សមាគមសណ្តែកសៀងអាមេរិកនៅកម្ពុជា CAST កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញអ្នកឧកញ៉ា ម៉ុង ឫទ្ធី មកចែករំលែកបទពិសោធចិញ្ចឹមជ្រូក ដែលក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យឈានមុខគេមួយនៅប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីនោះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប ដែលមានភាពលេចធ្លោខាងវិស័យកសិកម្ម បានបង្ហាញអំពីសាវតា ដែលជម្រុញឱ្យរូបលោកប្រកបមុខរបរអាជីវកម្មចិញ្ចឹមជ្រូក។
លោកថ្លែងរំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៨ លោកបានដឹកនាំគណប្រតិភូកម្ពុជា កសិករខ្នាតតូចនិងតូចបំផុតចំនួន១៦នាក់ ទៅបំពេញទស្សនកិច្ចរយៈពេល១៥ថ្ងៃ នៅសហរដ្ឋអាមេរិក ដែលឧបត្ថម្ភដោយអង្គការ USAID ហើយបានទៅកសិដ្ឋានចិញ្ចឹមជ្រូកនៅរដ្ឋ North Carolina USA ក្រោយបានឃេីញសកម្មភាពរបស់កសិករអាមេរិកបាននាំគ្នាចិញ្ចឹមជ្រូកយ៉ាងច្រេីនមហិមា រហូតឈានទៅដល់ការនាំចេញទៅលក់នៅឯបរទេសរាប់ពាន់លានដុល្លារជារាងរាល់ឆ្នាំ។

អ្នកឧកញ៉ាថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ ខ្ញុំគិតថាកសិករទាំងអស់គ្នាដែលទៅបំពេញទស្សនកិច្ចនេះ ពិតជាមិនអាចមានអ្នកណាម្នាក់មានលទ្ធភាពអាចធ្វេីបាននោះទេ សំខាន់ដោយសារតែនៅកម្ពុជាយេីងនៅមិនទាន់មានស្ថាប័នហិរញ្ញបទានណាគាំទ្រប្រាក់កម្ចី ទៅលេីវិស័យកសិកម្ម កសិឧស្សាហកម្មដាំដុះនិងចិញ្ចឹមសត្វនៅឡេីយទេ។

លោកបន្ថែមថា មុនពេលទៅបំពេញទស្សនកិច្ចនេះខ្ញុំពិតជាមិនបានដឹងទេថា ជ្រូកមានប៉ុន្មានពូជ តំណរពូជមានប៉ុន្មានឈាម ក្រោយបានចូលទៅស្តាប់ការពន្យល់របស់លោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ កសិដ្ឋាន របស់ មហាវិទ្យាល័យជាតិ NORTH CAROLINA A&T រយៈពេល៤០នាទីរួចមក ធ្វើឱ្យខ្ញុំមានការយល់ដឹងកាន់តែច្បាស់អំពីវិស័យចិញ្ចឹមជ្រូកនេះ។

លោកបន្ថែមទៀតថា ក្រោយពីបានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាយេីងវិញ ដេីម្បីកុំឱ្យខាតបង់ប្រាក់ររបស់ USAID ថ្លៃសំបុត្រយន្តហោះ ស្នាក់នៅ ហូបចុក និងដេីម្បីជាកិត្តិយសរបស់កម្ពុជាយេីងផង ខ្ញុំក៏បានទំនាក់ទំនងសុំទិញពូជជ្រូកដូនតាទួតពីសហរដ្ឋអាមេរិក តែមិនអាចធ្វើទៅរួចទេគឺជួបការលំបាកសព្វបែបយ៉ាង ដោយអស់សង្ឃឹមពេកខ្ញុំក៏បានទំនាក់ទំនងទិញពូជជ្រូកយ៉កសៀរ ជាពូជដូនតាទួត មកពីចក្រភពអង់គ្លេសវិញម្តងបានដូចបំណងពិតមែន នៅថ្ងៃទី១៥ ខែ១២ ឆ្នាំ២០០៨។

បើតាមអ្នកឧកញ៉ា ក្រុមហ៊ុន M’s Pig ACMC (Cambodia) បាននាំចូលពូជជ្រូកដូនតាទួត GGP ដែលមានមេពូជ ៦០០ ក្បាល និងបាពូជ ៣០ក្បាល ពីទីក្រុងយ៉កសៀរ ចក្រភពអង់គ្លេស ដឹកជញ្ជូនតាមយន្តហោះចំនួន ៣ ជេីង ក្នុងតមម្លៃ១លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយជេីង មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។


អ្នកឧកញ៉ាគូសបញ្ជាក់ថា រយៈពេល២ម៉ោងពេញនៅសណ្ឋាគារកាំបូឌីយ៉ាណា សហគមកសិករសណ្តែកសៀងសហរដ្ឋអាមេរិក នាំគ្នាជជិកសាកសួរដេញដោលថាតេីហេតុអ្វីបានជាទៅរៀនតែ៤០នាទីសោះ យកមកអនុវត្តន៍បានល្អរហូតផ្គត់ផ្គង់ជ្រូក ជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា ក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន M’s Pig ACMC ត្រូវបានគេមើលឃើញថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរនូវវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា ដោយផ្គត់ផ្គង់នូវជ្រូកមេ និងជ្រូកបាពូជមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ដែលពីមុនសាច់ជ្រូកមានគុណភាពខ្ពស់គឺមានតែនាំចូលតែប៉ុណ្ណោះ។

លើសពីនេះ ក៏ជាក្រុមហ៊ុនដំបូងដែលបាននាំចូលពូជជ្រូកបាពី Yorkshire ចក្រភពអង់់គ្លេស នឹងបង្កើនជ្រូកមេរហូតដល់ ១៨.០០០ ក្បាល នៅឆ្នាំ ២០១៨៕