ក្រសួងសុខាភិបាល និងផ្នែកឯកជន បានរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងកង្វល់នានាលើវិស័យធុរកិច្ចដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាធុរកិច្ចចំនួន៥ចំនុចធំៗ របស់វិស័យឯកជន ដោយបើកកិច្ចប្រជុំពិភាក្សារបស់ក្រុមការងារ ឋ “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រវាងក្រសួងសុខាភិបាល សហប្រធានក្រុមការងារតំណាងផ្នែករដ្ឋាភិបាល សភាពាណិជ្ជកម្មកម្ពុជា និងអ្នកសម្របសម្រួលក្រុមការងារផ្នែកឯកជន កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារផ្នែកឯកជន បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះរួមមាន៖ ១.ដើម្បីស្វែងរកដំណោះស្រាយរបស់វិស័យឯកជន បានស្នើសុំពិភាក្សា នឹងកំពុងជួបប្រទះក្នុងសកម្មភាពធុរកិច្ច វិនិយោគ។ ២.ដើម្បីបង្កើនការសម្របសម្រួល នឹងយល់ពីគ្នាទៅវិញទៅមក រវាងក្រសួងសុខាភិបាល និងផ្នែកឯកជន។ ៣.ដើម្បីចូលរួមផ្តល់ជាធាតុចូលសំខាន់ៗ ទៅលើការអនុវត្តច្បាប់ដែលបានចេញដោយក្រសួង ពីផ្នែកឯកជន សម្រាប់ក្រសួងសុខាភិបាលធ្វើការពិចារណារ នឹងធ្វើការកែលម្អចំពោះសកម្មភាពមិនច្បាស់ឬអសកម្មនានា។ ៤.ដើម្បីទទួលយកនៅមតិយោបល់ បទពិសោធន៍ និងព័ត៌មានសំខាន់ៗមួយចំនួនដែលបានចូលរួម ពីតំណាងស្ថាប័ន-ក្រសួងនានា។ ៥.ដើម្បីទទួលបាននៅការណែនាំសម្រាប់ការអនុវត្ត ច្បាប់ទំលាប់ផ្សេងៗជាច្រើន ជូនដល់ វិស័យឯកជន ដើម្បីអនុវត្តឲ្យចំនឹងកុំឲ្យមានចន្លោះខ្វះខាត នាំឲ្យខាតពេលវេលា។

ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង បានបញ្ជាក់ដូច្នេះថា៖ « អ្វីដែលសហប្រធានក្រុមការងារយើងមកដល់ថ្ងៃនេះគឺមានចំនួន១៣សហប្រធានហើយ អ្វីដែលសហប្រធានយើងចង់បាន និងធ្វើការពិភាក្សាគ្នាជាមួយក្រសួងសុខាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាកន្លងមក គឺយើងចង់បានសេនាធិកាជាលេខទូរសព្ទ ដើម្បីដោះស្រាយបញ្ហាភ្លាមៗ ហើយជាលទ្ធផលក្រោយកិច្ចប្រជុំពិភាក្សានេះ គឺលោកជំទាវ ឱ វណ្ណឌីន បានផ្តល់ជាលេខទូរសព្ទរបស់គាត់មកកាន់ពួកយើង ចឹងហើយនេះគឺជាលទ្ធផលជាចំនុចដែលយើងចង់បានដែរ»។
យ៉ាងណា តាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធក៏បង្ហាញការជឿជាក់ថា នឹងជួយជំរុញដល់វិស័យធុរកិច្ច និងជួយដោះស្រាយបញ្ហាស្មុគស្មាញរបស់ផ្នែកឯកជនដែលជួបប្រទះកន្លងមក ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន៕ អត្ថបទ៖ ពិសី
