គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ កម្ពុជាសម្រេចផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ចំនួន៣១២ ក្រុមហ៊ុន ដែលនេះត្រូវបានមន្រ្តីអះអាងថាជាការជំរុញវិស័យអចលនវត្ថុឱ្យមានការអភិវឌ្ឍគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ។
លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអលនវត្ថុ និងបញ្ចាំ ថ្លែងក្នុងពិធីតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ចំនួន ៣១២ ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ មានគម្រោងអភិវឌ្ឍសរុបចំនួន ៤៣៦ គម្រោង រួមមាន ផ្ទះល្វែងមានចំនួន ២១ គម្រោង, បុរី មានចំនួន ២៣៣ គម្រោង, អគារសហកម្មសិទ្ធិ (ខុនដូ) មានចំនួន ១៥៤ គម្រោង,ផ្សារ មានចំនួន ២ គម្រោង, គម្រោងចម្រុះ មានចំនួន ២៤ គម្រោង, គម្រោងដីឡូត៍ មានចំនួន ២ គម្រោង។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏សម្រេចផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុចំនួន២៧០ ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ មានចំនួន ១៨៩ក្រុមហ៊ុន, ក្រុមហ៊ុនវាយតម្លៃ មានចំនួន ០៧ ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងវាយតម្លៃ មានចំនួន ៤២ ក្រុមហ៊ុន, ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ មានចំនួន ១៧ ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងគ្រប់គ្រងអចលនវត្ថុ មានចំនួន ១០ ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ, វាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុមានចំនួន ០៥ ក្រុមហ៊ុន៕