ធុរកិច្ចជនមកពីជាង ២០០ក្រុមហ៊ុន ចូលរួមកម្មវិធីធុរកិច្ចលើកទី១២ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា ដែលសហការរៀបចំពីក្រុមហ៊ុនធំៗបីគឺ OCIC, TC និង HTS នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលកោះពជ្រ ក្នុងអគារ City Hall ។

បើតាមឧកញ៉ា វ៉ាន់ ឆារត៍ អគ្គហិរញ្ញឹកនៃសមាគមអ្នកសាងសង់កម្ពុជា ការរៀបចំកម្មវិធីនេះក្នុងគោលបំណងផ្តល់ឱកាស ដល់សមាជិកសមាគមទាំងអស់ អាចជួបជុំសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញក្នុងការស្វែងរកដៃគូសហការវិនិយោគ ព្រមទាំងអាចទទួលបាននូវព័ត៌មានបន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។

ថ្លែងក្នុងនាមដំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ ឧកញ៉ា វ៉ាន់ ឆារត៍ បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា។ ហើយក្នុងកម្មវិធីនេះលោកសង្ឃឹមថា នឹងផ្តល់ជាឱកាសដល់អ្នកដែលបានចូលរួមទាំងអស់ឱ្យទទួលបានប្រយោជន៍ និង ជោគជ័យពីការទំនាក់ទំនងជាមួយគ្នា ការសហការគ្នា និងការចែករំលែកកិច្ចការធុរកិច្ចនេះផងដែរ។

សូមជម្រាបជូនថា សមាគមអ្នកសាងសង់កម្ពុជា បច្ចុប្បន្នមានសមាជិកសរុប ៨៦ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ផ្គត់ផ្គង់សម្ភារ បរិក្ខារ គ្រឿងចក្រធំៗ និង ក្រុមហ៊ុនជាច្រើនទៀតទាំងក្នុងវិស័យសំណង់ អចលនទ្រព្យ អភិវឌ្ឍន៍លំនៅឋាន ធានារ៉ាប់រង និងដឹកជញ្ជូន៕


