នៅឆ្នាំ ២០២២ នេះ វិស័យទេសចរណ៍សកលលោករំពឹងថានឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ ២០២០ និង២០២១ ខណៈកម្ពុជាក៏រំពឹងទទួលបានវិជ្ជមានលើការងើបឡើងវិញវិស័យគ្មានផ្សែងនេះ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក្នុងពិធិបិទសន្និបាតទេសចរណ៍នៅព្រឹកនេះបានឲ្យដឹងថា ដោយសារការចាប់ផ្តើមកម្រើកឡើងវិញនៃចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ អន្តរជាតិ ដែលទទួលបានឥទ្ធិពលវិជ្ជមានពីការបន្ធូរបន្ថយការរឹតត្បិត និងការដករបាំងដែលជាលក្ខខណ្ឌ នានាលើការធ្វើដំណើរជាអន្តរជាតិរបស់បណ្តាប្រទេសភាគច្រើននៅក្នុងសកលលោក កម្ពុជារំពឹងអាចទទូលបានភ្ញៀវទេសចរ ១ លាននាក់ នឹងមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ២០២២។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា នៅតំបន់អាស៊ាន សកម្មភាពទេសចរណ៍អន្តរជាតិចាប់ផ្ដើមមានសន្ទុះឡើងវិញនៅដើមឆ្នាំ ២០២២ នេះ ដោយប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលទេសចរអន្តរជាតិឡើងវិញជាបណ្តើរៗ ដែលក្នុងនោះ កម្ពុជាជាប្រទេសដំបូងបំផុតក្នុងអាស៊ានដែលបានបើកចំហរប្រទេសក្នុងការទទួលទេសចរអន្តរជាតិឡើងវិញ។
លោកបន្តថា តាមការប៉ាន់ស្មាន មួយឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនិងប្រមាណ ២ លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ា រ៉ាហ្គេម។
ការងើបឡើង វិញនៃវិស័យទេសចរណ៍កម្ពុជា ដោយឆមាសទី១ ឆ្នាំ២០២២ នេះ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន ប្រមាណជាង ៥០ម៉ឺននាក់ កើនឡើងក្នុងអត្រា ៣៨៤ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងមួយថ្ងៃៗមានទេសចរអន្តរជាតិចូលមកប្រមាណ ៥ ០០០ ទៅ ៥ ៦០០នាក់ ក្នុងនោះមានមកពីប្រភពទីផ្សារធំៗមាន វៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងអូស្ត្រាលីជាដើម។
សម្រាប់រយៈពេល ៣ ខែ ដើមឆ្នាំ ២០២២ អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ ២៣ លាននាក់ កើនឡើងក្នុងអត្រា ១៤៧% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២ នេះ អាចនឹងថយចុះ ក្នុងចន្លោះពី -៣០% ទៅ-៤៥% ធៀបនឹងឆ្នាំ២០១៩ (មុនវិបត្តិ) ដោយសារនៅបន្តទទួលរងការគំរាមកំហែងពីការវិវត្តជាបន្តបន្ទាប់នៃមេរោគកូរឹង១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ វិបត្តិនៅអ៊ុយក្រែន ដែលបានជះឥទ្ធិពល ធ្វើឱ្យមានការកើនឡើងនូវអតិផរណា ការកើនឡើងថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវ ល្បឿនខុសៗគ្នានៃការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗជាដើម៕