សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក នាព្រឹកថ្ងៃសៅរ៍ទី៣០កក្កដានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក អង់តូនី ប្លីងគិន នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ ជាលើកដំបូង នៅថ្ងៃទី០៣ដល់ថ្ងៃទី០៥សីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក, កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ី-បូព៌ា, និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងភ្នំពេញ លោក ប្លីងគិន នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក នៅចំពោះមុខមជ្ឈភាពរបស់អាស៊ាន និងការអនុវត្តដោយជោគជ័យនៃទស្សនភាពអាស៊ានចំពោះឥណ្ឌូប៉ាស៊ីហ្វិក។
ក្រៅពីកិច្ចប្រជុំជាមួយអាស៊ាន ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា រដ្ឋមន្ត្រីរបស់ខ្លួនក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី០៥សីហា នៅទីក្រុងភ្នំពេញ។ កិច្ចប្រជុំដោយផ្ទាល់នេះ មានប្រទេសចំនួន ៣៩ បានបញ្ជាក់ពីការចូលរួម រួមមានទាំងអាមេរិក រុស្ស៊ី និងចិន ខណៈដែលប្រទេសអ៊ុយក្រែន មិនមានវត្តមានចូលរួមនោះទេ៕