បន្ទាប់ពីសម្ពោធហាងឲ្យប្រពន្ធជិត៣០ម៉ឺនដុល្លារជូនប្រពន្ធកាលពីពេលថ្មីៗនេះ តារាចម្រៀងជួរមុខក្នុងផលិតកម្មសាន់ដេ លោក កែវ វាសនា បានបង្ហើបឲ្យដឹងថា លោកគ្រោងធ្វើពិធីឡើងវីឡា១បន្ថែមទៀត នៅពេលឆាប់ៗខាងមុខនេះ ដោយពិធីនោះខ្លួនមានគម្រោងអញ្ជើញភ្ញៀវច្រើន ពោលស្ទើរគ្រប់មិត្តភ័ក្ដិទាំងអស់នឹងត្រូវអញ្ជើញ។
វីឡាដែលតារាចម្រៀងខាងលើត្រៀមធ្វើពិធីចូលស្នាក់នៅ តាមទំនៀមទម្លាប់ប្រពៃណីនោះ គឺស្ថិតក្នុងបុរីដែលលោកកំពុងតែស្នាក់នៅតែម្ដង ហើយតម្លៃវិញត្រូវបានគេដឹងថា តម្លៃច្រើនជាង១លានដុល្លារឯណោះបើប្រៀបធៀបនឹងទីផ្សារបច្ចុប្បន្ន តែបែបណាក្ដី លោក កែវ វាសនា មិនបានប្រាប់ពីតម្លៃ នៃវិឡា ដែលលោកត្រៀមឡើងនោះឡើយ។

លោក កែវ វាសនា គ្រាន់តែបានប្រាប់ថា វីឡានោះ លោកបានទិញតាំងពីដំណាក់កាលបុកគ្រឹះឯណោះ ដែលគិតមកដល់ពេលនេះ ជាង១ឆ្នាំមកហើយ បច្ចុប្បន្នជាងកំពុងសម្រុកដេគ័រខាងក្នុង នៅដើមខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ នឹងធ្វើពិធីចូលនៅតែម្ដង។ ក្នុងពិធីឡើង គេហដ្ឋានថ្មីនេះលោកប្រាប់ថា ធ្វើឡើងមិនចាញ់ ពិធីមង្គលការរបស់ខ្លួននាពេលកន្លងមកឡើយ ពោលស្ទើរគ្រប់មិត្តភ័ក្ដិទាំងអស់នឹងត្រូវអញ្ជើញ។
នេះគឺជាជោគជ័យធំមួយ ដែលមានមកពីការងារសិល្បៈ នឹង មុខរបររកស៊ីប្រចាំថ្ងៃ ដោយប្រពន្ធតារាចម្រៀងល្បីឈ្មោះរូបនេះ ត្រូវបានគេដឹងថា ពូកែខាងរកស៊ីមិនចាញ់ប្ដីនោះឡើយ។

គ្រាន់តែដឹងត្រួសៗ បើរាប់ទាំង១វីឡា ដែលគ្រោងចូលនៅនោះ លោក កែវ វាសនា មានផ្ទះយ៉ាងតិច៣ទៅហើយ ក្នុងនោះមានវីឡាភ្លោះដែលលោកកំពុងរស់នៅរាល់ថ្ងៃ១ Shop Houseដែលលោកកំពុងតែ បើកហាងរាល់ថ្ងៃ១ ។ មុនប៉ុន្មានថ្ងៃនៃថ្ងៃដែលលោកបើកហាងជូនប្រពន្ធនោះ តារាចម្រៀងរូបនេះ បានទិញLexus 570 ស៊េរី2020 តម្លៃជាង២០ម៉ឺនដុល្លារ បន្ថែមលើរថយន្តជាច្រើនគ្រឿង ដែលលោកកំពុងជិះរាល់ថ្ងៃថែមទៀតផង។
មិនត្រឹមតែ ប៉ុណ្ណោះ លោក កែវ វាសនា ក៏ត្រូវបានគេដឹងថា មានដីជាច្រើនកន្លែង ប៉ុន្តែតារាចម្រៀងរូបនេះមិនធ្លាប់បញ្ចេញថា ខ្លួនជាអ្នករកស៊ីខាងអចលនទ្រព្យនោះឡើយ ខណៈដែលតារាចម្រៀងជាច្រើនទៀត បានចេញមុខរកស៊ី ដី ដោយបើកចំហក្ដី។

ទោះបីជាមិនចេញមុខដោយបើកចំហលើជំនួញអចលនទ្រព្យ ប៉ុន្តែលោកចេញមុខ រកស៊ី លើផលិតផល ថែរក្សាសម្រស់ជាមួយភរិយា ដោយបើកចំហ ហើយចំណូលរបស់ពូកគេ ត្រូវបានគេដឹងថា មិនតិចនោះទេ ដែលជា ហេតុនាំឲ្យ ពួកគេមានលទ្ធភាព មានទ្រព្យដូចបានរៀបរាប់ខាងលើ៕
ប្រភព៖ សប្បាយ