នាវា Westerdam ចូលចតកំពង់​ផែ​​​ហើយ អាជ្ញាធរកម្ពុជា ទទួល​ស្វាគមន៍​ នឹង ​ប្រុងប្រយ័ត្ន​ខ្ពស់​

Uncategorized ព័ត៌មានថ្មីៗ សង្គម​ និង​សេដ្ឋកិច្ច

ខេត្តព្រះសីហនុ-ថ្នាក់ដឹកនាំ ក្រសួងស្ថាបន័ថ្នាក់ជាតិនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំង​មន្ត្រីជំនាញ​ពាក់ពន្ធ័ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍​អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam ចូលចតកំពង់​ផែ​​។ ជា​មួយគ្នានេះ​ មន្ត្រីអះ​អាងថា ផ្នែកពេទ្យក៍បានចុះទៅយកសំណាកនៅលើនាវាទេស​ចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​អនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ​នេះ បន្ទាប់ពីបរាជ័យក្នុងសុំប្រទេស និងកោះសរុបចំនួន៦ ចូលចត ប៉ុន្តែត្រូវគេបដិសេធ ។

​តាម​Facebook ផ្លូវការរបស់ក្រុមហ៊ុន Holland America Line បានបង្ហោះដំណឹងដ៏រីករាយនេះប្រាប់ដល់ពិភពលោក និងអ្នកធ្វើដំណើរទាំងអស់ក្នុងនាវាថា កម្ពុជាបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ បន្ទាប់ពីបរាជ័យក្នុងសុំប្រទេស និងកោះសរុបចំនួន៦ ចូលចត ប៉ុន្តែត្រូវគេបដិសេធ ។



អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្ត ដ៏ប្រពៃបំផុតរបស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើង​ពូជសាសន៍​ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរ​ទាំង​អស់នោះផងដែរ។

លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារមួយ​តាម​បណ្តាញ​សង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាង​ខ្លាំង​ចំពោះទឹកចិត្តរាជរដ្ឋាភិបាល​កម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមលោកអគ្គរដ្ឋទូត, អ្នកនៅលើកប៉ាល់នោះក៏មានពលរដ្ឋអាមេរិកជាច្រើននាក់ផងដែរ។ ហើយ​តាមសេចក្តីរាយការណ៍កប៉ាល់បានឲ្យដឹងថា មិនមាននរណាម្នាក់ផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ ដែលត្រូវបានត្រួតពិនិត្យ និងធ្វើតេស្តដោយគ្រូពេទ្យនៅលើកប៉ាល់នេះតែម្តង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែល​មានម្ចាស់​ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្ទុកមនុស្ស​ជាង​២២០០​នាក់ ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះ​សរុប​ចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់​ពីអ្នកគ្រប់គ្រង​នា​វាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវា​នេះ​ចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺ​ពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុប​បំបាត់នូវ​ជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មាន​ឡើយ​ការ​រើស​អើង​ពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួក​គេ​កំពុង​ជួប​គ្រោះ​អាសន្ន»។ «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះ​បីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្ត​របស់​កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិន​នោះ​ទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជា​សកលរួច​ទៅ​ហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយ​ស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះ របស់កម្ពុជា រួមមាន​ទាំង​មន្ត្រីន​គរបាល​ច្រកទ្វារ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថ្នាក់​ដឹកនាំកំពង់ផែស្វយ័ត ក៏ដូចជាមន្ត្រីក្រសួងសុខាភិបាល និង​មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បាន​ចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ ឈ្មោះ Westerdam ដើម្បី​ត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់ នៅលើនាវានោះ ជាមុនសិន មុន​នឹង​អនុញ្ញាត​ឱ្យ​មនុស្សនៅលើនាវា នោះ ឡើង​មក​លើ​ច្រាំង ដើម្បី​ធានា​ថា​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លង​នូវវីរុស ខូវីន-១៩។