សារជាផ្លូវការរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០នេះ គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (Covid-19) ទាំងអស់គ្នា ។ទន្ទឹមគ្នានោះ សម្តេចបានអះអាងថា រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រើកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំង“សត្រូវឥតស្រមោល កូវីឌ ១៩ឲ្យទាល់តែបាន។
នាឪកាសនោះ សម្តេចថ្លែងបញ្ជាក់ថា«ខ្ញុំសូមជូនសារផ្លូវការទៅកាន់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសអោយបានជ្រាបថា ពេលនេះកម្ពុជាកំពុងចាត់វិធានការកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ( Covid-19) ជា “សត្រូវឥតស្រមោល” ដែលគិតមកទល់ព្រឹកមិញគឺបណ្តាលអោយមានអ្នកឆ្លងមេរោគនេះកើនដល់ ៩៣ នាក់ហើយ។ ហេតុនេះ កម្ពុជាត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលទាំងអស់គ្នា»។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឪពុកម្តាយ និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនក្មួយចំនួន ៤២២ នាក់ បានចូលបម្រើការងារគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ ១៩ នៅក្នុងដំណាក់ការដ៏ចាំបាច់បំផុតនេះ។
យ៉ាងណា ឆ្លៀតឪកាសនោះដែរ សម្តេចបានអំពាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៣នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ