តម្លៃអលនទ្រព្យកម្ពុជា កំពុងមានការធ្លាក់ចុះថ្លៃ ដោយសារតែសម្ពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា ។ ការរីករាលដាលនៃវីរុសកូរ៉ូណា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើនបូករួមទាំងកម្ពុជាផងដែរ។ នេះបើយោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យដ៏ធំ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា នៅចុងបំណាច់ត្រីមាសទី១នៃឆ្នាំ ២០២០នេះ តម្លៃខុនដូដោយគិតជាម៉ែត្រការ៉េ ជាពិសេសខុនដូរប្រភេទប្រណីត និងមធ្យមកំពុងមានការធ្លាក់ថ្លៃ។
អ្នកនាងបន្តថា សម្រាប់ខុនដូកំរិតធម្យមតម្លៃគិតជាម៉ែត្រការ៉េត្រូវបានធ្លាក់ថ្លៃប្រហែល១.៥% ខណៈដែលតម្លៃនៃខុនដូប្រណីតគិតជាម៉ែត្រការ៉េមានការធ្លាក់ថ្លៃប្រហែល ០.៥% ក៉៏ប៉ុន្ដែសម្រាប់ខុនដូដែលមានតម្លៃសមរម្យបែរជាមានការឡើងថ្លៃ ០.៣% ទៅវិញ។
អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ អ្នកនាងអះអាងថា មិនមែនត្រឹមតែការលក់ខុនដូប៉ុណ្ណោះទេដែលរងផលប៉ះពាល់ ចំណែកឯការជួលខុនដូក៏រកផលប៉ះពាល់ ដែរដោយតម្លៃនៃការជួលខុនដូប្រណីតបានធ្លាក់ចុះប្រហែល ០.៤% ខណៈតម្លៃនៃការជួលខុនដូកំរិតមធ្យមបានធ្លាក់ចុះចំនួន ០.៦%។
នៅក្នុងរបាយការណ៍របស់ CBRE Cambodia បានបញ្ជាក់ថា វីរុសកូរ៉ូណាបានចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករាដែលបច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់នៅទូទាំងពិភពលោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០នេះ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា ផលប៉ះពាល់ទាំងនេះគឺស្ថិតនៅដំណាក់កាលដំបូងនៅឡើង។ជាងនេះទៀត តម្លៃរបស់អចលនទ្រព្យទាំងការលក់ និងជួលអាចនឹងបន្ដធ្លាក់ចុះទៀត ប្រសិនបើបញ្ហានៃវីរុសកូរ៉ូណាមិនថមថយ៕ អត្ថបទ៖ សិរីការ